លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ២៨លាន ៨សែនដុល្លារអាមេរិក ដើម្បីសាងសង់អគារវិទ្យាស្ថានគរុកោសល្យថ្មី២កន្លែង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
ប្រទេសជប៉ុនផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២ លាន ៧ សែនដុល្លារ អាមេរិក ដល់កម្ពុជា សម្រាប់បង្ការគ្រោះមហន្តរាយ និងកែលម្អបរិស្ថានរស់នៅរបស់ពលរដ្ឋខ្មែរ។
ជំនួយឥតសំណងនេះត្រូវបានផ្តល់ឱ្យភាគីកម្ពុជា នៅថ្ងៃទី២១ មីនា នៅក្នុងពិធីចុះហត្ថលេខារវាងឯកអគ្គរាជទូតជប៉ុន និងលោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ថ្លែងថា ការជម្លៀស និងកសាងឡើងវិញ សម្រាប់ពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ គឺជាបញ្ហាដ៏សំខាន់ ហើយជំនួយរបស់ជប៉ុននេះ នឹងអាចកាត់បន្ថយភាពភ័យខ្លាចរបស់សហគមន៍មូលដ្ឋានដែលងាយរងគ្រោះ។
ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនទើបតែបានផ្តល់ជំនួយជិត ១២ លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ការអនុវត្ត “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី ដើម្បីការធ្វើទំនើបកម្មកំពង់ផែ”។ ជាមួយគ្នានេះ ជប៉ុនក៏បានផ្តល់កម្ចីជាង ៣១ លានដុល្លារអាមេរិក (៣១.៥៦) ដល់កម្ពុជាដែរ សម្រាប់អនុវត្ត “គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២” ៕
ប្រភពដេីមពី RFA