ខេត្តក្រចេះ ៖ ពលរដ្ឋជនជាតិខ្មែរប្រុសស្រីក្មេងចាស់ចំនួន២៤នាក់ សុទ្ធសឹងតែរស់នៅ ក្បែរតំបន់ព្រំដែនវៀតណាមត្រូវបានអាជ្ញារធរវៀតណាមចាត់បញ្ជូនមកទឹកដីកម្ពុជាវិញ ក្រោយពីអាជ្ញាធរវៀតណាមរកឃើញថា ពលរដ្ឋទាំងនោះបានរំលោភបទបញ្ញត្តិព្រំដែនដោយ លួចចូលក្នុងទឹកដីវៀតណាមដោយខុសច្បាប់ ។
នគរបាលវរៈការពារព្រំដែនបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២៤នាក់ គឺសុទ្ធសឹងតែរស់នៅ តាមភូមិមួយចំនួនក្នុងឃុំ២ ធ្នូ ក្បែរ និងតំបន់ព្រំដែនប្រទេសវៀតណាម ។ ហើយពលរដ្ឋទាំងនេះត្រូវបានខាងភាគីវៀតណាមចាត់បញ្ជូនមកវិញ តាមច្រកព្រំដែនអន្តរជាតិនៅថ្ងៃទី០២ តុលា បន្ទាប់ពីពួកគាត់បាននាំគ្នាលួចឆ្លងដែនចូលទៅក្នុងព្រះវិហារយាស៊ូគ្រឹះក្នុងទឹកដីវៀតណាម ចម្ងាយជាង៦គីឡូមែត្រពីព្រំដែនកម្ពុជា ដើម្បីទៅទទួលអំណោយនៅ ព្រះវិហារគ្រឹះសាសនាមួយនោះ ។
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនត្រពាំងស្រែលោកអនុសេនីយ៍ឯក ឃុន ម៉ន បាន ប្រាប់ឲ្យដឹងថា ក្រោយពីមានការលួចចូលដោយខុសច្បាប់ ពលរដ្ឋខ្មែរទាំងនោះត្រូវបានអាជ្ញា ធរវៀតណាមចាត់បញ្ជូនមកវិញភ្លាមៗ ។ លោកថា កន្លងមកពលរដ្ឋដែលរស់នៅតាមភូមិក្បែរ ព្រំដែនក្នុងឃុំ២ធ្នូ គឺតែងតែមានការទំនាក់ទំនងជាមួយពលរដ្ឋក្បែព្រំដែនខាងភាគីវៀតណាម និងបានចេញចូលតាមច្រករបៀងផ្សេងៗ ។
លោកអនុសេនីយ៍ឯក ឃុន ម៉ន បានឲ្យដឹងទៀតថា ពលរដ្ឋទាំងនេះត្រូវបានអាជ្ញាធរ វៀតណាមបានចាត់បញ្ជូនពីរលើកមកហើយ ក្រោយពីពួកគាត់បានព្យាយាមនាំគ្នាលួចចូល ទៅព្រះវិហារយាស៊ូគ្រឹះក្នុងទឹកដីប្រទេសវៀតណាម ។
លោកអះអាងថា នគរបាល និងរៀបចំបើកវេទិកាសាធារណៈមួយអញ្ជើញពលរដ្ឋនៅ តាមព្រំដែនមកចូលរួម ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិព្រំដែន ដើម្បីកុំឲ្យពួកគាត់ចូលក្នុងទឹកដី ប្រទេសគេដោយខុសច្បាប់បែបនេះទៀត។
ដោយឡែកថ្មីៗនេះ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះ ដល់ពេលវេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្ដើមបម្លាស់ទីជនជាតិវៀតណាម ចំនួន២.៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាប នៅទូទាំងខេត្តកំពង់ឆ្នាំង ឱ្យមកនៅរស់នៅលើគោកវិញ ហើយបើមានការតវ៉ាពីក្រុមជនជាតិវៀតណាម អាជ្ញាធរនឹងប្រើប្រាស់វិធានការ រដ្ឋបាល យ៉ាងតឹងរ៉ឺងបំផុត។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា យុទ្ធនាការនេះបានអនុវត្ត និងជូនដំណឹងតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយការរុះរើសជនជាតិវៀតណាម ឱ្យទៅនៅលើគោកនេះ មានកិច្ចសហការជាមួយសមាគមវៀតណាម នៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅឋាន របស់ជនជាតិវៀតណាម ទាំងនោះ។
កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។ ការរុះរើលំនៅឋានរបស់បងប្អូនជនជាតិវៀតណាម ក្នុងន័យដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបញ្ហាសុខភាពអនាម័យ ព្រោះថាការរស់នៅលើទឹកនេះ ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេសការប្រកបអាជីវកម្មផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺអាចប្រឈមជាមួយបញ្ហាសុខភាព។
លោកបានបន្ថែមថា កន្លងទៅ នៅពេលអាជ្ញាធរ ចេញសេចក្ដីជូនដំណឹង និងនៅពេលអនុវត្តការងារនេះ ក៏មានការតវ៉ាពីក្រុមជនជាតិវៀតណាម ប៉ុន្ដែអាជ្ញាធរបានប្រើប្រាស់វិធានការ រដ្ឋបាល យ៉ាងតឹងរ៉ឺងបំផុត ដើម្បីបន្ដអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្ត បានបញ្ជាក់ថា ជនជាតិវៀតណាមទាំងអស់នោះ ត្រូវនៅឆ្ងាយពីកន្លែងចាស់ប្រមាណ១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀ ដោយមានទំហំដី៤០ហិកតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូរឯកជន ដោយជួលឲ្យគាត់គេរស់នៅ៕