សត្វឆ្មា ត្រូវបានគេដឹងថាជាសត្វចិញ្ចឹមមួយប្រភេទ ដែលចូលចិត្តដើរលេង និងប្រើជីវិតរស់នៅម្នាក់ឯង ដែលជាហេតុធ្វើឲ្យវាបាត់ខ្លួនពីផ្ទះ និងម្ចាស់របស់វាជាញឹកញាប់។ ប៉ុន្តែចំពោះករណីនេះវិញ សត្វឆ្មាដ៏កម្សត់របស់អតីតបេក្ខភាព The Voice Cambodia តារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ បែរជាបាត់ខ្លួនដល់ទៅជាង ១ឆ្នាំ នៅតែខិតខំរកផ្លូវត្រលប់មកផ្ទះខ្លួនវិញ ទាំងសភាពទ្រុឌទ្រោមសល់តែស្បែក និងឆ្អឺង។ អ្វីដែលកាន់តែខ្លោចចិត្តនោះគឺ គ្រាន់តែរាក់ទាក់ម្ចាស់បានមិនប៉ុន្មានម៉ោងផង បែរជាត្រូវដេកស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ។
យោងតាមការរៀបរាប់ឲ្យដឹង ពីកញ្ញា ចំរើន សុភ័ក្រ បានឲ្យដឹងថា៖ «ហួសចិត្តទេ បាត់ខ្លួនឡើងមួយឆ្នាំជាង ខ្ញុំគិតថាស្លាប់បាត់ទៅហើយ តែបែជាត្រលប់មកវិញ នៅសល់តែស្បែកហើយនិងឆ្អឹងតែប៉ុណ្ណោះ។ និយាយគ្នាថាស្អែកនឹងយកទៅពេទ្យ តែឥឡូវវាស្លាប់ហើយ សុខចិត្តមកស្លាប់ក្នុងផ្ទះខ្លួនឯង។ តែទោះជាយ៉ាងណាក៏អស់ចិត្តដែលព្រោះបានជួបលើកចុងក្រោយ សូមអោយជាតិក្រោយអ្នកកើតជាមនុស្សនឹងគេ»។ ការចែករំលែករបស់កញ្ញា បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកស្រលាញ់សត្វឆ្មា ក្ដុកក្ដួលចិត្តសឹងតែស្រក់ទឹកភ្នែក នឹកស្រណោះថា បើទោះបីជាសត្វតិរច្ឆានក្ដី ក៏នៅតែរត់មកស្លាប់ក្បែរម្ចាស់ដែរ។ សូមទស្សនាវីដេអូខាងក្រោម៖