ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
ប្រភពដែលស្និទ្ធនឹងលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាម ក៏ដូចជាច្រកកំពង់ផែច្រើនកន្លែងក្នុងខេត្តកោះកុង គឺបង់ពន្ធត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុ ក្រោមតុ ជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង យ៉ាងសុខស្រួលហើយពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនជាងមុនទៅទៀត។ សូម្បីតែម៉ូតូទំនើបៗគេចពន្ធ និងរថយន្តទំនើបៗអត់ពន្ធក៏ឈ្មួញអាចនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាម និងច្រកកំពងផែមួយចំនួនក្នុងខេត្តកោះកុង យ៉ាងរលូនដែរព្រោះលោក សំ កុសល និងបក្ខពួកគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកព្រំដែននិងច្រកកំពង់ផែក្នុងខេត្តកោះកុង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សំ កុសល ទើបមុខរបររបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គអ្វីទាំងអស់។ ក្នុងចំណោមឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែននិងច្រកកំពង់ផែក្នុងខេត្តកោះកុង គឺឈ្មួញឈ្មោះ ធី កំពុងធ្វើសកម្មភាពខ្លាំងក្លាជាងគេដោយសារមានលោក សំ កុសល មេគយខេត្តកោះកុង ជាខ្នងបង្អែកដ៏រឹងមាំ។ លើសនេះទៅទៀតលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានរក្សាទុកប៉ុស្ដិ៍គយចល័តនៅចំណុចអណ្ដូងទឹក ដើម្បីរាប់ក្បាលរថយន្តដឹកទំនិញយកលុយបើទោះបីឈ្មួញម្ចាស់ទំនិញទាំងនោះបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់យ៉ាងណាក៏ដោយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក សំ កុសល នោះទេព្រោះករណីលោក សំ កុសល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕
ប្រភព៖ មនសិការខ្មែរ