ភ្នំពេញ ៖ ជនអន្តោប្រវេសន៍វៀតណាមប្រុស ស្រីចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ខណៈពួកគេទាំងនេះបានលួចសម្ងំនៅតាមហាងកាហ្វេ ម៉ាស្សា និងកោសជប់ ដោយខុសច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០០នាទី នៅក្នុងហាងកាហ្វេ ម៉ាស្សានិងកោសជប់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសដែលចុះអនុវត្តលើកិច្ចការងារនេះបានអោយដឹងថា ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការ អម
សាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ ហាងកាហ្វេ ម៉ាស្សានិងកោសជប់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជាលទ្ធផល កម្លាំងពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន៩នាក់ (ស្រី១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
គួរបញ្ជាក់ថា បើយោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាត ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននឹងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា
មន្ត្រីឬភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬ ជួយសលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន ឬ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ៕