កំណើនភ្ញៀវទេសចរទាំងជាតិ និង អន្តរជាយិទៅលេងកម្សាន្តសៀមរាប-អង្គរ បានធ្លាក់ចុះ ៩.៧ % និង នៅតែបន្តធ្លាក់ចុះទៀត ។ នេះបើតាមទិន្នន័យពីក្រសួងទេសចរ ។
ការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរនេះ ធ្លាប់ត្រូវបានរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បញ្ជាក់ថាមកពីវិបត្តិសង្គ្រាមពាណិជ្ជកម្មចិន និង អាមេរិក ដែលធ្វើឱ្យចំណូលប្រជាជនចិនធ្លាក់ចុះ នាំឱ្យពួកគេត្រូវកាត់បន្ថយការដើរលេងក្រៅស្រុក ។
ដោយឡែកមហាជននៅតែមើលឃើញពីភាពមិនប្រក្រតីមួយចំនួន ដែលនាំឱ្យធ្លាក់ចុះនូវភ្ញៀវទេសចរយ៉ាងគំហុគបែបនេះដូចជាបញ្ហាផ្លូវចូលប្រាសាទនីមួយៗ បញ្ហាបរិស្ថាន និង បញ្ហាផ្សេងៗទៀត ។
ជាក់ស្ដែងកាលពីថ្ងៃទី ២២ កញ្ញា ២០១៩ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pin Poch ដែលជាមគ្គុទេសនាំភ្ញៀវផងនោះ បានបង្ហោះរូបចូលតាមប្រាសាទ មានសភាពបែកភក់ជ្រាំ ពិបាកធ្វើដំណើរក្នុងការទស្សនា ។
ក្រោយការបង្ហោះនូវទិដ្ឋភាពទាំងនេះក៏មានមហាជនលើកជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរមិនយកចិត្តទុកដាក់ទៅលើរឿងទាំងនេះ ? ហេតុអ្វីមិនយកថវិកាដែលបានពីការលក់សំបុត្រ យកទៅអភិវឌ្ឍន៍ដើម្បីឱ្យមានតម្លាភាពជាមួយតម្លៃសំបុត្រចូលទស្សនាផង ?
ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានលើកឡើងថា ភ្ញៀវទេសចរបរទេសរអ៊ូរទាំ លើភាពរញ៉េរញ៉ៃ មិនបង្កភាពនងាយស្រួល ក្នុងដំណើរការឯកសារឆ្លងដែន តំបន់ទេសចរណ៍នីមួយៗសុទ្ធតែសំរាម បញ្ហាសីលធម៌អ្នកបម្រើសេវាទេសចរណ៍តាមតំបន់នីមួយៗ និង កត្តាផ្សេងទៀត ។
យ៉ាងណាក្ដីនេះគ្រាន់តែជាការលើកឡើងរបស់អ្នកនាំភ្ញៀវមួយរូប ។ ដោយឡែកសម្រាប់ស្ថាប័នមានសមត្ថកិច្ច មិនទាន់មានការបញ្ជាក់ ឬ ការបកស្រាយណាមួយជុំវិញការរិះគន់ពីប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ក្រុមអ្នកជំនាញនោះទេ ៕ ប្រជាប្រិយ