តារាចម្រៀងព្រាប សុវត្ថិ និងកូនប្រុសទាំង៣, ខេម, គូម៉ា, ប៉ែន ចំរ៉ុង, អ៊ីវ៉ា និង ក្រុមតន្ត្រីចចកសមុទ្រ ជាដើម បានចេញដំណើរទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈការដឹកនាំរបស់លោកឡេង ណាវ៉ាត្រា, ហេង ឡុង និងចន ច័ន្ទលក្ខិណា។
ប៉ុន្តែនៅពេលដែលយន្តហោះចុះចតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ដើម្បីប្តូរយន្តហោះបន្តទៅកូរ៉េ នៅចំណតរង់ចាំ ក៏មាននារីអ្នុករួមដំណើរជាមួយតារាម្នាក់ស្លៀកខោខូវប៊យរាំយ៉ាងសិចស៊ី ហើយអ្នកនាងចន ច័ន្ទលក្ខិណា និងលោកណាវ៉ាត្រា ជាអ្នកថត។
ដោយឃើញសកម្មភាពបែបនេះ ក្រុមពលករដែលទៅធ្វើការនៅកូរ៉េ បានថតសកម្មភាពទុក ហើយមានការអត្ថាធិប្បាយជាសំឡេងថា ដោយហ្សែនខ្មែរ ឬពូជខ្មែរ ទៅដល់ណាគឺអ៊ីចឹង មិនចេះខ្មាសគេ។
ភ្លាមនោះ ក៏មានការទាស់សម្តីរវាងក្រុមអ្នកនាងចនច័ន្ទ និងពលករនោះ តាមរយៈវីដេអូនោះ គេឃើញអតីតពលករនៅកូរ៉េ លោកឡេង ណាវ៉ាត្រា ស្ទុះទៅចង់វាយទៅលើក្រុមពលករទៀតផង ប៉ុន្តែបានលោកហេង ឡុង និងប្រពន្ធលោកណាវ៉ាត្រា ព្យាយាមរារាំង។
រហូតមកដល់ពេលនេះ ជម្លោះដ៏ចម្រូងចម្រាសរវាងក្រុមតារានិងពលករនោះ នៅមិនទាន់ចប់ទេ ខណៈដែលគេឃើញលោកហេង ឡុង នាំលោកណាវ៉ាត្រា ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសក្នុងប្រទេសកូរ៉េទៀតផង ខណៈដែលក្រុមពលករនៅតែប្រកាន់ថា
ពួកគេមិនបានធ្វើអ្វីខុសទេ ព្រោះការនិយាយថា ពូជខ្មែរនោះ គឺមិនសំដៅទាំងអស់ទេ គឺសំដៅ៥០បូក១ ខណៈដែលលោកហេង ឡុង ស្វាមីថ្មីអ្នកនាងចន ច័ន្ទលក្ខិណា កំពុងសិក្សាជាមួយមេធាវីដើម្បីប្តឹងទៅពលករនោះពីបទប្រមាថជាតិសាសន៍ខ្មែរ។
ជុំវិញរឿងរ៉ាវជម្លោះដ៏ចម្រូងចម្រាសនេះ មតិមហាជនបានលើកឡើងថា ទាំងក្រុមសិល្បករ និងពលករមានកំហុសរៀងៗខ្លួន ហើយគួរតែមានការសុំទោសគ្នាទៅជាការចប់រឿងទៅហើយ តើចាំទៅឡើងតុលាការធ្វើអី?
ដោយឡែក តារាសម្តែងល្បីឈ្មោះម្នាក់បានិយាយសុំមិនឱ្យដាក់ឈ្មោះថា “រឿងនេះតូចទេ តែបើគេចង់យកឱ្យទៅជារឿងធំ គឺវាធំហើយ។ លោកថា យកល្អឱ្យអ្នករាំនៅព្រលានយន្តហោះនោះ សុំទោសជាសារណៈទៅ គឺចប់រឿងទៅហើយ ចាំបាច់ប្តឹងផ្តល់គ្នាធ្វើអីទៅ?”។
ចំណែកលោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ បានបង្ហាញសារចាប់អារម្មណ៍លើរឿងនេះថា “ក្នុងនាមខ្ញុំដែលបាននិងកំពុងបន្តការងារក្នុងសង្គមសិល្បៈ ពិតជាមានចិត្តសោមនស្សរីករាយយ៉ាងខ្លាំង នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយហេតុថា “តម្លៃនៃសីលធម៌សង្គម” ត្រូវបានគេផ្តោត និងចាប់អារម្មណ៍ជាខ្លាំងឡើងវិញ”។
លោកខេវិន បន្តថា “ការចាប់អារម្មណ៍ គឺនៅត្រង់ថា តាមរយៈសកម្មភាពរបស់ក្រុមសិល្បករនិងសិល្បការិនីមួយក្រុមតូច និងបងប្អូនពលករមួយក្រុមតូចផ្សេងទៀត បានប្រើពាក្យសំដីមិនគួរគប្បី
ដែលអ្នកខ្លះហៅថាជាការត្មះដៀលប្រមាថមើលងាយចំពោះគ្នា ដែលរួមសញ្ជាតិខ្មែរតែមួយ ដោយផ្តើមចេញពីការនិយាយស្តី រាំច្រៀង ចាក់ចម្រៀង បង្កសំឡេងរំខាននៅឯព្រលានយន្តហោះ ដែលជាទីសាធារណៈលើទឹកដីរបស់គេ”។
លោកបន្តទៀតថា “ការដៀលត្មះក្តី ប្រមាថក្តី គឺវាសុទ្ធតែជាមេរៀនសម្រាប់កែតម្រូវយើងទាំងអស់គ្នា (បើយើងមិនធ្វើ ក៏គេមិនថា) តាមរយៈពាក្យសំដីនិងវីដេអូ អ្នកណាខុស អ្នកណាត្រូវ គឺយើងម្នាក់ៗសុទ្ធតែបានដឹងច្បាស់
យើងត្រូវតែខិតខំពង្រឹងសីលធម៌ គុណធម៌របស់ខ្មែរយើងឱ្យបានល្អ គឺសម្រាប់យើងផ្ទាល់ និងសម្រាប់កូនចៅយើងនាពេលអនាគត យើងសុទ្ធតែជាខ្មែរតែមួយ យើងគួរគប្បីបើកចិត្តឱ្យទូលាយពិចារណាឱ្យគ្រប់ជ្រុងជ្រោយ មេត្តាអធ្យាស្រ័យឱ្យបានខ្ពស់ចំពោះខ្មែរដូចគ្នា”។
ជាចុងក្រោយ លោកខេវិន បន្ថែមថា “ការសងសឹក មិនមែនជាសីលធម៌ គុណធម៌របស់ខ្មែរនោះឡើយ នោះបើអ្នកស្រលាញ់ជាតិខ្លួនជាខ្មែរ ស្រលាញ់សីលធម៌ខ្មែរ និងស្រលាញ់កិត្តិយសខ្លួនជាខ្មែរ កុំឱ្យបរទេសជិតខាង គេមើលងាយយើង។ សូមអនុមោទនាកាន់បិណ្ឌទាំងអស់គ្នា និងសូមជួបតែសំណាងល្អ”។
ដោយឡែក លោកឃុន ចាន់ឌី អតីតអ្នកដឹកនាំសម្តែងផលិតកម្មសាន់ដេ វិញ បានបញ្ចោញប្រតិកម្មជាបន្តបន្ទាប់ជុំវិញរឿងជម្លោះ តារាខ្មែរនិងក្រុមពលករនេះ។ ប៉ុន្តែរឿងដែលលោកចាន់ឌី មិនអាចនៅស្ងៀមនោះត្រង់ថា សកម្មភាពនិងរូបភាពប៉ុណ្ណឹងហើយ ក្រុមខាងតារាខ្មែរចង់ប្តឹងទៅក្រុមពលករទៀត ?
លោកថា សំណាងហើយដែលខ្មែរគ្នាឯងថត ចុះបើបរទេសថតបង្ហោះវិញ តើខ្មាសគេយ៉ាងណាទៅ ?
លោកចាន់ឌី ថា ចរិតខ្មែរមិនដែលទទួលស្គាល់ថា ខ្លួនឯងអន់ទេ ទោះជាពីមុនមានខេត្តជាង៥០ខេត្ត ឥឡូវសល់តែជាង២០ខេត្ត ក៏ថានៅតែខ្លាំងដែរ៕ នគរធំ