ភ្នំពេញ ៖ បុរសជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានអះអាងថា ខ្លួនបានទាក់ទងស្នេហាជាមួយនឹងស្រីស្អាតម្នាក់តាមហ្វេសប៊ុក រហូតដល់សន្យារៀបការនឹងគ្នាក្រោយពេលត្រឡប់មកពីប្រទេសកូរ៉េវិញ ប៉ុន្តែនៅអំឡុងទាក់ទងស្នេហាតាមអនឡាញ រយៈពេលជាង១ឆ្នាំ
ខាងស្រីចេះតែពឹងពាក់ខ្ចីលុយជាបន្តបន្ទាប់ រហូតដល់ទៅជិត២ម៉ឺនដុល្លារ ទីបំផុតបែរជាក្បត់ពាក្យសន្យាចង់ដោះដៃបិទទាំងទូរស័ព្ទ ទាំងគណនីហ្វេសប៊ុកគេចមុខរហូត ធ្វើឱ្យខាងប្រុសខកចិត្តប្រកាសតាមរកមុខស្រីស្អាតក្បត់សន្យារូបនោះ មកដោះស្រាយគ្នារឿងលុយកាក់ដែលបានខ្ចីឱ្យដាច់ស្រេច។
បុរសអភ័ព្វស្នេហ៍ដែលអះអាងថា ចាញ់ល្បិចស្រីស្អាតអស់ប្រាក់ដល់ទៅជិត២ម៉ឺនដុល្លារនោះ មានឈ្មោះសែម មករា អាយុ២៨ឆ្នាំ ជាពលករបម្រើការងារនៅប្រទេសកូរ៉េ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកនារីរូបស្រស់ដែលទទួលរងការចោទប្រកាន់ មានឈ្មោះផេង ស៊ូអាន អាយុប្រហែល៣០ឆ្នាំ ជាជនជាតិចិនកាត់វៀតណាម រស់នៅម្តុំផ្សារជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ។
យោងតាមគណនីហ្វេសប៊ុករបស់បុរសអភ័ព្វស្នេហ៍ឈ្មោះសែម មករា បានឱ្យដឹងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ថា រូបគេគឺជា ពលករបម្រើការងារនៅប្រទេសកូរ៉េ សុំប្រកាសរកនារីម្នាក់ ឈ្មោះផេង ស៊ូអាន ដែលបានបោកប្រាស់រូបគេអស់ប្រាក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីស្គាល់គ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
បុរសខាងលើបានរៀបរាប់ថា ដំបូងឡើយរូបគេបានស្គាល់នារីឈ្មោះផេង ស៊ូអាន រស់នៅម្តុំផ្សារជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ តាមរយៈហ្វេសប៊ុក បន្ទាប់ពីបានស្គាល់គ្នាអស់រយៈពេល៦ខែ រូបគេទាំង២នាក់ក៏បានឈានដល់ការស្រលាញ់គ្នា ក្លាយជាស្នេហា។
បន្ទាប់មកនារីរូបស្រស់ជាសង្សារតែងតែពឹងពាក់ខ្ចីលុយរបស់គេជាបន្តបន្ទាប់ ហើយដោយសារតែរូបគេជឿទុកចិត្តទៅលើនារីជាសង្សារ ក៏តែងតែផ្ញើលុយឱ្យនាងរាល់ពេលដែលនាងត្រូវការមិនថានាងត្រូវការលុយប្រកបរបររកស៊ី លុយទិញគ្រឿងអលង្ការ បង់រំលេស់ផ្ទះ និងតម្រូវការចំណាយផ្សេងៗនោះទេ គឺផ្ញើឱ្យដោយមិនរួញរា
សរុបទៅរូបគេធ្លាប់ផ្ញើលុយឱ្យនារីជាសង្សាររូបនោះអស់ចំនួន៣៦ដងមកហើយ និងសរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារ ព្រមទាំងទូរស័ព្ទស៊េរីទំនើប១គ្រឿងទៀតផង។
បុរសរូបនេះបានបន្តថា មិនតែប៉ុណ្ណោះពួកគេទាំង២នាក់នៅបានសន្យាថា នឹងភ្ជាប់ពាក្យរៀបការនឹងគ្នាទៀតផង ពោលគឺក្រោយពេលដែលរូបគេត្រឡប់មកពីប្រទេសកូរ៉េវិញ ដោយពួកគេទាំងពីរនាក់បានស្រលាញ់គ្នាមកដល់ពេលនេះ អស់រយៈពេល១ឆ្នាំ២ខែហើយ។
លុះពេលដែលរូបគេបានត្រលប់មកពីប្រទេសកូរ៉េវិញ ក៏បានឆាតទំនាក់ទំនងទៅនារីជាសង្សាររូបស្រស់នោះ តែនាងហាក់មានការប្រែប្រួលដោយពុំសូវនិយាយស្តីដូចមុន និងថែមទាំងបានបិទហ្វេសប៊ុករបស់ខ្លួនចោល អស់ចំនួន៣ទៅ៤គណនីទៀតផង ទើបធ្វើឱ្យរូបគេភ្ញាក់ខ្លួនដឹងថា ចាញ់បោកស្រីស្អាត។
ជាចុងក្រោយ បុរសខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឬសមត្ថកិច្ច ដែលបានប្រទះឃើញនារី ដែលមានភិនភាគដូចក្នុងរូបថត សូមទំនាក់ទំនងទៅកាន់រូបគេ តាមរយៈទូរស័ព្ទលេខ 096 74 66666 នោះខ្លួននឹងជូនសាគុណចំនួន២ពាន់ដុល្លារ។
ជុំវិញរឿងរ៉ាវស្នេហាខកបំណងខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីខាងស្រី ដែលទទួលរងការចោទប្រកាន់ថា បានបោកប្រាស់ចិត្តប្រុស និងលុយដល់ទៅជិត២ម៉ឺនដុល្លារ រួចដោះដៃចោលខាងប្រុសបាត់បាននៅឡើយទេ កាលពីម្សិលមិញ។
យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕(ប្រភពអត្ថបទ៖ នគរធំ)