កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១៖០០នាទី នៅចំណុចភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ មានករណីឃាតកម្មដ៏រន្ធត់មួយបង្កឡើងដោយយុវជនម្នាក់ជាអនាគតកូនប្រសារ
បានប្រើកាំបិតខ្វាវកាំទៅលើឪពុកម្ដាយក្មេកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំង២នាក់ ព្រោះតែខឹងរឿងពួកគាត់ទាលុយថ្លៃទឹកដោះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំមានទីកន្លែងកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ហើយត្រូវជាគូរដណ្ដឹងកូន របស់ជនរងគ្រោះ។
ជនសង្ស័យបានយកកាំបិតខ្វែវបានកាប់ទៅលើឈ្មោះ សេង គ្រុត ភេទប្រុសអាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ សេង អ៊ុ អាយុ៥៥ឆ្នាំ ដោយម្នាក់ៗត្រូវជាច្រើនកាំបិត ចំក ចំមុខ និង ស្មាពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់។ ក្រោយពីសម្លាប់រួច ជននេះបានអូសសាកសពទៅទុកចោលក្នុងស្រែខាងជើងផ្ទះចម្ងាយ ៤៥ម៉ែត្រ។
សមត្ថកិច្ចបន្ថែមទៀតថា មូលហេតុដោយដែលឈានដល់ការបង្កឲ្យមានករណីឃាតកម្មនោះគឺដោយសារតែជនសង្ស័យខឹងឈ្មោះ សេង គ្រុត និងឈ្មោះ សេង អ៊ុ ជាឪពុកម្តាយក្មេកមកទាលុយថ្លៃទឹកដោះហើយខ្លួនពុំទាន់មាន។
ក្រោយកើតហេតុរួច នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង៧ ព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា បាននៅនឹងកន្លែងកើតហេតុ យកមកសាកសួរកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕