ភ្នំពេញ ៖ ខណៈអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងភ្ញាក់ផ្អើលខ្លាំងជុំវិញរឿងក្មេងដែលកើតភ្លាមមានទំងន់រហូតដល់ ៦.៨គីឡូក្រាម ដែលជាករណីកម្របំផុត ស្របពេលមហាជនលាន់មាត់ថ្ងូរអាណិតដល់ម្តាយ និងបានលើកឡើងថា តើម្តាយលំបាកខ្លាំងប៉ុណ្ណាទម្រាំសម្រាលបានកូនដែលមានទំងន់ធ្ងន់លើសក្មេងទាំងពួងបែបនេះ?។
រំពេចកើតសង្ស័យពីមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមចង់ដឹងពីការសម្រាលរបស់ក្មេងម្នាក់នេះ «តើតាមបែបធម្មជាតិ ឬឆ្លងកាត់ការវះកាត់ដោយប្រើមុខកាំបិត?»ត្រូវបានសាច់ញាតិក្មេងនេះបានចេញមកបញ្ជាក់ច្បាស់ៗឲ្យបាត់សង្ស័យថា «កូននេះម្តាយកើតដោយធម្មជាតិ» ។
តែអ្វីកាន់តែធ្វើឲ្យមជ្ឈដ្ឋានមិនជឿនោះត្រូវបានប្រភពដដែលបន្ថែមថា «ស្ត្រីម្តាយជានារីដ៏អស្ចារ្យ ដ្បិតសម្រាលកូនមានទំងន់រហូត ៦.៨ គីឡូក្រាមនេះ គឺជាកូនទី២ ឯកាលកូនទី១ក៏មានទំងន់ដល់ទៅ ៤.៨ គីឡូក្រាមដែរ ពោលគឺសម្រាលដោយធម្មជាតិទាំងពីរតែម្តង ហើយម្តាយមានសុខភាពល្អដដែល»។
ដោយឃើញពីភាពអស្ចារ្យ និងពោរពេញដោយថាមពលរបស់ស្រ្តីជាម្តាយ និងកូននោះ ធ្វើឲ្យបងប្អូនស្រ្តីជាច្រើនបានសម្តែងការភ្ញាក់ផ្អើល ពិសេសបានសរសើរដោយអាចសម្រាលកូនដោយធម្មជាតិគ្មានការវះកាត់។
ទន្ទឹមនេះក៏មានគណនីហ្វេសប៊ុកមួយបានបញ្ជាក់បន្ថែមថា ក្មេងមានទំងន់ធ្ងន់នេះត្រូវម្តាយសម្រាលដោយធម្មជាតិនៅឯពេទ្យ «ខេត្តកំពត»។