រាជធានីភ្នំពេញ ៖ លោក ជា តារា ដែលគេស្គាល់ថាជាអ្នកថតសម្ដែង កុន, ភាពយន្ត និង MV នោះ ត្រូវបាននារីជាសង្សារ បានរត់ឡេីងជិះកង់បីឥណ្ឌាមួយគ្រឿង ទាំងមិនពាក់ស្បែកជេីង មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេីថា លោកបានប្រេីអំពេីហិង្សាវាយដំ មួលក្ដិចរាងកាយរូបនាង
បណ្តាលឱ្យរងរបួសស្នាមពេញខ្លួន ព្រមទាំងគំរាមសម្លាប់ថែមទៀត បណ្តាលឲ្យរបួសក្បាល ជាំក្រោមភ្នែក និងច្រមុះ រួចក៏បង្ខាំងរូបនាងមិនឱ្យចេញពីបន្ទប់នោះទេ រហូតទាល់តែរូបនាងឡាយវីដេអូឱ្យគេជួយ ស្រាប់តែត្រូវបុរសជាសង្សារគំរាមឱ្យលុបចេញ និងគំរាមសម្លាប់ថែមទៀតផង ។
បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះកង់បីឥណ្ឌាទាំងទឹកភ្នែក ទៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈដែលបុរសជាសង្សារ ទើបតែស្គាល់គ្នាជាង២ខែ
បានប្រើហិង្សាវាយក្ដិច បណ្តាលឱ្យរងរបួសស្នាមពេញខ្លួនព្រមទាំងគំរាមសម្លាប់ថែមទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខប៉ុស្តិ៍នគបាលចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បន្តថា បុរសជាសង្សារខាងលើមានឈ្មោះថា ឈ្មោះ ជា តារា អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន និងជា ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណែកស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ ។
តាមសម្តីនារីរងគ្រោះបានឱ្យដឹងថា រូបនាងមានទំនាក់ទំនងជាមួយនឹងបុរសជាសង្សារឈ្មោះតារានេះបានរយៈពេលជាង២ខែមកហើយ និងរស់នៅផ្ទះជួលជាមួយគ្នា ប៉ុន្តែមួយរយៈចុងក្រោយប៉ុន្មានថ្ងៃមកនេះ បុរសជាសង្សារមិនដឹងខឹងរឿងអ្វីនោះទេ គឺចេះតែប្រើហិង្សាវាយមកលើរូបនាង ដោយពុំមានមូលហេតុ ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ រូបនាងបានទៅដើរលេងនៅកោះពេជ្រជាមួយនឹងបងប្អូន ក៏ទូរស័ព្ទហៅបុរសជាសង្សារទៅជាមួយ លុះទៅដល់កោះពេជ្របុរសជាសង្សារបានជិះម៉ូតូទៅដល់ ចំណែករូបនាងបានជិះរថយន្ដជាមួយនឹងបងប្អូន
តែខ្លាចបុរសជាសង្សារអន់ចិត្ត រូបនាងក៏ចុះពីលើរថយន្តមកជិះម៉ូតូជាមួយនឹងបុរសជាសង្សាររបស់ខ្លួនវិញ រួចហើយក៏ត្រឡប់មកបន្ទប់ជួលវិញ ។
ប្រភពដដែលបន្តទៀតថា ប៉ុន្តែនៅពេលជិះម៉ូតូតាមផ្លូវបុរសជាសង្សារមិនដឹងជាខឹងរឿងអ្វីនោះទេ គឺវាយ និងក្តិចរូបនាងតាមផ្លូវរហូតដល់បន្ទប់ជួល លុះពេលដល់បន្ទប់ជួលបុរសជាសង្សារក៏វាយមកលើរូបនាងទៀត
បណ្តាលឱ្យរងរបួសបែកចិញ្ចើម និងមានស្នាមរយះពេញជើង និងក្បាលពោះ ជាំក្រោមភ្នែក និងច្រមុះ រួចក៏បង្ខាំងរូបនាងមិនឱ្យចេញពីបន្ទប់នោះទេ រហូតទាល់តែរូបនាងឡាយវីដេអូឱ្យគេជួយ ស្រាប់តែត្រូវបុរសជាសង្សារគំរាមឱ្យលុបចេញ និងគំរាមសម្លាប់ថែមទៀតផង ។ ប្រភព៖ kmnkh.com