បាត់ដំបង ៖ ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល និងកាត់ខ្សែបូសម្ពោធផ្ទះបាយរួម ក្នុងទីបញ្ជាការយោធភូមិភាគទី៥ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន ព្រមានដេញចេញពីជូរកងទ័ព
បានប្រាប់ដល់ នាយទាហាន ពលទាហានទាំងអស់ នៅយោធភូមិភាគទី៥ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ហើយព្រមានដេញចេញពីជូរកងទ័ពប្រសិនបើដឹងថា ប្រើប្រាស់និងជូញដូរគ្រឿងញៀន នោះ។
លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា កងទ័ពត្រូវតែគោរពវិន័យបានត្រឹមត្រូវ ហើយមិនត្រូវឱ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងជូរកងយោធពលខេមរភូមិន្ទនោះឡើយ បើមានត្រូវធ្វើការអប់រំឬដេញចេញពីជូរកងទ័ព និងប្រគល់ច្បាប់ចាត់ការទៅតាមច្បាប់ជាធរមានផងដែរ។
លោក នាយឧត្តមសេនីយ៍ ក៏បានប្រាប់ដល់នាយទាហាន ពលទាហានទាំងអស់ត្រូវតែ យកចិត្តទុកដាក់បន្ថែមទៀត លើការងារព្រំដែន ហើយត្រូវយកចិត្តទុកដាក់ការពារអធិបតេយ្យភាពសហប្រតិបត្តិការល្អធ្វើយ៉ាងណាកសាងព្រំដែនសន្តិភាព និងអភិវឌ្ឍ
ដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខដុម និងត្រូវចូលរួមអនុវត្តន៍ កំណែទម្រង់កងទ័ព ដោយឈរលើការពង្រឹងគ្រប់គ្រងកម្លាំងត្រូវចៀសវាងប្រើប្រាស់ខុសគោលដៅជាដើម។
លោក នាយឧត្តមសេនីយ៍ ក៏បានប្រាប់ដល់មេបញ្ជាការកងយោធ ភូមិភាគទី៥ ត្រូវពង្រឹងការងារហ្វឹកហ្វឺនកងទ័ពលើកកម្ពស់សមត្ថភាពគុណភាពពិសេសការងារអប់រំចិត្តសាស្ត្រមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន
និងត្រូវយកចិត្តទុកដាក់ត្រៀមបំរុងឱ្យបានល្អកម្លាំង មានគុណភាព និងបំរុងទុកសម្ភារធានាគ្រប់បែបយ៉ាងសម្រាប់ដោះស្រាយរាល់ហេតុការណ៍ណាមួយកើតឡើង។ ជាងនេះទៅទៀតត្រូវអប់រំអ្នកប្រើប្រាស់លើបណ្តាញសង្គម (Facebook) ត្រូវប្រុងប្រយ័ត្នខ្ពស់ចៀសវាងប៉ះពាល់ ដល់សន្តិសុខជាតិជាដើមផងដែរ៕