សំណង់មហាប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅក្នុងសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។
សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធ ពិព័រណ៌ ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថាទីនេះមានភាពទាក់ទាញ់ខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិ នានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ។
អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា៕