ភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះកំពុងតែកើតមានប្រធានបទក្តៅលើតារាស្រីនាង ស្រីម៉ុច ជុំវិញករណីនៃការស្លៀកពាក់សិចស៊ីស្ទើរលេចចេញតំបន់ពិសេសដែលជាកេរ្តិ៍ម្តាយចែកឲ្យ។ ខណៈដែលនាងបានបង្ហាញវត្តមានដើរកាច់រាងនៅក្នុងកម្មវិធីរបស់ហាងថែរក្សាសម្ផស្សមួយនារាជធានីភ្នំពេញ។
ករណីរបស់ស្រីស្រស់កូន៣នាងស្រីម៉ុច បច្ចុប្បន្នបានក្លាយទៅជាប្រជាបទក្តៅនិងការរិះគន់ជាច្រើនពីសំណាក់មហាជនថែមទាំងសម្តីជេរប្រមាថធ្ងន់ៗទៅលើតារាស្រីរូបនេះ។ មិនតែប៉ុណ្ណោះក៏មានការទទូច ដោយស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែមានវិធានការក្តៅ និងការព្រមានបិទផ្លូវសិល្បៈចំពោះតារាស្រីនាង ស្រីម៉ុច ផងដែរ។
ទន្ទឹមគ្នាជាមួយការស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្របពេលការរិះគន់កំពុងតែបាញ់ចាក់ស្រោចយ៉ាងគំហុកនេះដែរ ក៏ស្រាប់តែមានប្រភពបង្ហើបថា ស្រីម៉ុច ពិតជាមិនអាចគេចផុតពីការព្រមានរបស់ក្រសួងឡើយ។ ម្យ៉ាងទៀត ពេលនេះខាងក្រសួងកំពុងតែសិក្សា និងរៀបចំឯកសារដើម្បីកោះហៅនាងទៅដុសក្អែលចេញម្តងដើម្បីជាការព្រមានដល់តារាស្រីឯទៀតកុំឲ្យយកគំរូអាក្រក់ដើមតាមតារាស្រីរូបនេះ។
ដោយឡែកអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសិត្យាបានប្រាប់ឲ្យដឹងនៅព្រឹកនេះថា ក្រសួងពិតជាបានដឹងចំពោះរឿងនេះ តែដោយសារពេលនេះកៀកទៅនឹងការបោះឆ្នោតថ្នាក់ជាតិដូច្នេះក្រសួងមិនទាន់ធ្វើសកម្មភាពដើម្បីកោះហៅ ស្រីម៉ុច មកអប់រំឬដាក់ពិន័យនៅឡើយទេ។ ប៉ុន្តែអាចអំឡុងពេលបោះឆ្នោតរួចខាងក្រុមព្រឹក្សាវិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងធ្វើការប្រជុំសិក្សាលើករណីកោះអញ្ជើញតារាស្រីសិចស៊ី ស្រីម៉ុច មកអប់រំឬដាក់ពិន័យសិល្បៈទៅតាមភាពជាក់ស្តែង។
សូមបញ្ជាក់ថាតារាសម្ដែងល្បីល្បាញខាងការស្លៀកពាក់សិចស៊ីបញ្ចេញគល់សុដន់ និងសាច់ភ្លៅមិនខ្វល់ពីការរិះគន់ ឬចំណាត់ការរបស់ក្រសួងនាង ស្រីម៉ុច ថ្មីៗនេះ ត្រូវបានទស្សនិកជនខ្មែរស្ទើរមួយប្រទេស ផ្ទុះការរិះគន់យ៉ាងចាស់ដៃលើសកម្មភាពនៃការស្លៀកពាក់សិចស៊ី ឡើងបង្ហាញលើឆាកនៃការប្រគំតន្ត្រីដ៏ធំមួយនៅភ្នំពេញ។
ការរិះគន់នេះបានធ្វើឡើង បន្ទាប់ពីវីដេអូ និងរូបថតនៃការស្លៀកពាក់សិចស៊ីក្នុងឈុតរូបវែងបញ្ចេញខោលីអូរបស់តារាស្រីនាងស្រីម៉ុចត្រូវបានបង្ហោះចែករំលែកផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត។ វីដេអូនិងរូបថតរបស់អ្នកនាង ស្រីម៉ុច នេះ ត្រូវបាផ្សព្វផ្សាយក្រោយពេលនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីជំនួបតារាល្បីៗរៀបចំឡើងដោយហាងកែសម្ផស្សល្បីឈ្មោះក្នុងស្រុកមួយ៕