ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា៖
«រាល់អាជីវកម្មល្បែងភ្នាល់ តាមម៉ាស៉ីនអេឡិចត្រូនិកតាមរយៈ អ៉ិន ធើណេតអនឡាញ ក្នុងនិងក្រៅប្រទេស គ្រប់ប្រភេទនិងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើខុសច្បាប់ និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មទាំងនេះ ឱ្យអស់នៅដំណាច់ឆ្នាំ២០ ១៩ នេះ»។
សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាត្រូវអភិវឌ្ឍសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន នៃសេវាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាជាងការពឹងផ្អែកលើចំណូល ពីអាជីវកម្មល្បែងភ្នាល់អនឡាញ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេស។
នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន ៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ
និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។
បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជាចាប់ ពី ថ្ងៃចុះហត្ថ លេខាលើសារាចរណែនាំនេះតទៅ៕