ភ្នំពេញ៖ ស្ដ្រីថៅកែសិប្បកម្មលាយឡេខ្នាតធំដែលត្រូវឃាត់ខ្លួនជាមួយនិងការរឹបអូសឡេជិត៣តោន កាលពីសប្ដាហ៍មុននេះមកដល់ពេលនេះត្រូវបាន លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចដោះលែង
ឲ្យត្រឡប់ទៅផ្ទះវិញហើយ នេះបើយោងតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រោយបើកការស៊ើបសួរ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង ផលិត និងជួញដូរឡេ និងវេចខ្ចប់ ដោយខុសច្បាប់ប្រមាណជិត៣តោននេះ ទៅជូនចៅក្រមបើកសវនាការជំនុំជម្រះផ្ទាល់។
ដោយឡែកជនត្រូវចោទ ត្រូវលោក ហ៊ឹង ប៊ុនថន ដោះលែងឲ្យទៅផ្ទះវិញសិន រងចាំថ្ងៃចូលខ្លួនមកសវនាការដែលមិនដឹងថាថ្ងៃណាឲ្យពិតប្រាកដនោះឡើយ។
សូមបញ្ជាក់ថា ស្ត្រីត្រូវចោទមានឈ្មោះ សាន ហុងថន អាយុ៣២ ឆ្នាំ មុខរបរ លក់ឡេ ស្នាក់សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីនៃស្ថាប័នជំនាញពាក់ព័ន្ធ
ដោយមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាំ សុផារី ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិត វេចខ្ចប់ និងចែកចាយឡេ មួយកន្លែងមានទីតាំងផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាង និងវត្ថុធាតុផ្សំផលិតឡេដោយខុសច្បាប់ប្រមាណជា ២,៧០០(២ពាន់៧រយ) គីឡូក្រាម។
បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនស្ត្រីឈ្មោះ សាន ហុងថន ទៅឲ្យលោកព្រះរាជអាជ្ញាររង ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការហើយលោកក៏ដោះលែងតែម្ដងរងចាំសវនាការពេលណាមួយមិនកំណត់ ៕ PNASIA