ខេត្តពោធិ៍សាត់៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចអណ្ដូងច្រុះ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បុរសវ័យចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែក្សិណក្សយ័ជីវិត ដោយសារផ្លែកាំបិតនៃកណ្ដាប់ដៃរបស់កូនប្រុសរមឹសគុណម្នាក់ នៅគ្រាដែលទំនាស់ពាក្យសម្ដីបន្តិចបន្តួច ពេលលោកកូនរូបនោះគាត់ត្រឡប់មកពីផឹកស៊ីស្រវឹងជោគជាំពីខាងក្រៅផ្ទះ។
ជនរងគ្រោះឈ្មោះ ងួន គិត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បុរសវ័យចំណាស់មានស្នាមរបួសដាច់រយាស់សាច់សង្ស័យដោយវត្ថុរឹងមុតចំនួន ០៤កន្លែង ចំផ្ងាស ០១កន្លែង ចំចិញើមខាងឆ្វេង ០១កន្លែង ចំថ្ពាល់ខាងឆ្វេង ០១កន្លែង និងចំសៀតផ្កាខាងឆ្វេង ០១កន្លែងទៀត ហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ ចំពោះលោកកូនរមឹសគុណដែលផឹកស៊ីស្រវឹងជោគជាំនៅក្រៅផ្ទះ ហើយឈានដល់បង្កអំពើហឹង្សា (កាប់ឪពុកបង្កើត)ឈ្មោះ គិត តាលី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ហើយអាជ្ញាធរមានសមត្តកិច្ចនគរបាលមូលដ្ឋាន បាននាំយកមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕