កាលពីពេលថ្មីៗនេះមានការចែកចាយវីដេអូពេញអ៊ិនធើណែត បង្ហាញនូវសកម្មភាពដ៏គំរូរបស់ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte ដែលបានធ្វើការសម្អាតឥដ្ឋ ពេលគាត់មិនប្រយ័ត្ន ធ្វើអោយកំពប់កែវកាហ្វេ ខណៈដែលលោកកំពុងធ្វើដំណើរចូលទៅប្រជុំសភា នៅក្នុងទីក្រុងឡាអេ។
វីដេអូមួយដែលថតដោយ NOS បង្ហាញនូវសកម្មភាពនាយករដ្ឋមន្ត្រីកំពុងតែសំដៅចូលក្នុងអាគារសភា ប៉ុន្តែស្រាប់តែលោកមានការធ្វេសប្រហែសបណ្តាលឲ្យកែវកាហ្វេកំពប់នៅច្រកចូល។
ដោយភ្លាមៗនោះ នាយករដ្ឋមន្ត្រីហូឡង់រូបនេះ សម្រេចចិត្តធ្វើការសម្អាតដោយខ្លួនឯង ខណៈដែលមានអ្នកសម្អាតបម្រុងចូលទៅសម្អាត ហើយកំឡុងពេលនោះ
ក៏មានអ្នកសម្អាតជាច្រើននាក់បានមកមើល និងទះដៃកោតសរសើរដល់នាយករដ្ឋមន្ត្រីហូឡង់ ដែលជាអ្នកដឹកនាំ ហើយមានការទទួលខុសត្រូវលើទង្វើរបស់ខ្លួន៕
ប្រភព៖ buzzfeed