(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រកាសព្រមានចាត់វិធានការ ដាក់វិន័យលើប៉ូលិសម្នាក់ ដែលជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយតាកែវ ស្រុកកោះធំ ដែលបានវាយលើយុវជនម្នាក់ រងរបួសដេកកន្ទ្រាល ត្រូវជាកូនប្រុសរបស់អនុប្រធានភូមិ។
នៅពេលនេះ សំណុំរឿងប៉ូលិសវាយកូនប្រុសអនុប្រធានភូមិនោះ ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅកាន់អយ្យការ តុលាការសាលាដំបូងខេត្តកណ្តាលហើយ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា លោករង់ចាំដីកាពីអយ្យការតុលាការ បើសិនជាតុលាការចោទប្រកាន់តាមបទល្មើស ដូចអ្វីដែលប៉ូលិសយើង ស្រាវជ្រាវរកឃើញមែន នោះយើងនឹងដាក់វិន័យ ហើយអាចរំសាយចេញពីជួរប៉ូលិស តាមកម្រិតបទល្មើស។
ក្នុងសំណុំរឿងប៉ូលិសវាយកូនប្រុសអនុប្រធានភូមិ ឲ្យរបួសធ្ងន់នេះ ត្រូវបានលោកស្នងការ អ៊ាវ ចំរើន បញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់បញ្ជូនសំណុំរឿង ទៅកាន់អធិការស្រុក ឲ្យដោះស្រាយ។ ប៉ុន្តែការដោះស្រាយមិនបានត្រូវរ៉ូវគ្នាទេ ដោយសារតែប៉ូលិស ដែលជាប់ចោទនោះ មិនព្រមសារភាពទេ។
តែលោកស្នងការ បញ្ជាក់ថា ប៉ូលិសស្រុក តាមការស្រាវជ្រាវរបស់ជំនាញ បង្ហាញថា រឿងនេះ មានពិតប្រាកដ គឺប៉ូលិស ជាប់ចោទ បាបនវាយកូនប្រុសអនុប្រធានភូមិនោះមែន។ ក្រោយមក សំណុំរឿងនេះ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញ ហើយផ្នែកព្រហ្មទណ្ឌកម្រិតស្រាល បានចាត់ការរឿងនេះហើយ។
សូមបញ្ជាក់ថា អ្នកស្រី ប្រាង ម៉ុម រស់នៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដែលជាអនុប្រធានភូមិ ព្រែកតាឃិន បានដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការនគរបាលខេត្តកណ្តាល ប្តឹងឈ្មោះ ណន ឧត្តម អាយុ ២៨ឆ្នាំ
មានទីលំនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ និងបក្ខពួក ពាក់ព័ន្ធនឹងការវាយលើកូនប្រុសរបស់អ្នកស្រី ឈ្មោះ ឃន វ៉ាន់នី បណ្តាលឲ្យរងរបួសធ្ងន់។
តាមពាក្យបណ្តឹង ហេតុការណ៍អនុប្រធានប៉ុស្តិ៍ប៉ូលិសឃុំជ្រោយតាកែវ វាយកូនប្រុសអនុប្រធានភូមិនោះ បានកើតឡើង កាលពីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលមានកម្មវិធីល្ខោនបាសាក់ នៅវត្តជ្រោយតាកែវ ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
ករណីនេះ កើតឡើងដោយសារតែមានជម្លោះពាក្យសម្តី ហើយក្រុមប៉ូលិស បានចាប់វាយខ្នោះកូនប្រុសអនុប្រធានភូមិ វាយ បណ្តាលឲ្យរបួសធ្ងន់។
ជុំវិញករណីនេះ មិនទាន់មានការបកស្រាយបែបណាពីលោក ណន ឧត្តម នាយរងប៉ុស្តិ៍ប៉ូលិសឃុំជ្រោយតាកែវ នៅឡើយទេ៕ swiftnewsdaily