(ភ្នំពេញ)៖ ស្ត្រីទាហានម្នាក់ ឈ្មោះ អ៊ុត ម៉ារី ត្រូវបានបុរសស្ត្រី ២នាក់ អះអាងថា នាងបានបោកលុយ ម្នាក់អស់ ៦៥០០ ដុល្លារ និងម្នាក់ទៀត អស់ ៩០០០ ដុល្លារ ដើម្បីរត់ការ ចូលក្របខណ្ឌ ជាទាហាន។
តែយ៉ាងណាក៏ដោយ ស្ត្រីទាហាន អ៊ុត ម៉ារី ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិពោធិ៍សែនស្នាយ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានអះអាងថា លុយទាំងនោះ នាងបានប្រគល់ឲ្យឧត្តមសេនីយ៍ម្នាក់ ឈ្មោះ ជា លឹម នាយករងបុគ្គលិកអគ្គបញ្ជាការ ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវ ដូចអ្វីដែលនាងបានធ្វើលិខិត ជាមួយបុរសស្ត្រីទាំងពីរនាក់នោះដែរ។
ស្ត្រីឈ្មោះ អ៊ុត ម៉ារី ពាក់ស័ក្តិ ៤កន្លះ បានអះអាងថា នាងបានដាក់ពាក្យបណ្តឹង ទៅតុលាការយោធា ជាង ១ឆ្នាំហើយ ដោយប្តឹងលោកឧត្តមសេនីយ៍ ជា លឹម ដើម្បីទាមទារប្រាក់រត់ការនោះវិញ យកទៅសងដល់ជនរងគ្រោះវិញ ( ហន សុផា និង ឃឹម ពិសី )។
ប៉ុន្តែលោកឧត្តមសេនីយ៍ ជា លឹម ដែលជាមេរបស់នាង មិនបានដោះស្រាយ ប្រគល់លុយឲ្យនាងវិញឡើយ។
ស្ត្រីយោធា អ៊ុត ម៉ារី ក៏បានបញ្ជាក់ថា «ខ្ញុំរីករាយ និងសប្បាយចិត្ត ព្រមដើរចូលគុក ជាមួយក្មេងរូបនេះ ( ហន សុផា ) និងមេ ជា លឹម ដែលទទួលលុយផងដែរ។
ពេលនេះ ម៉ោងនេះ ខ្ញុំចង់ឲ្យមន្ត្រីច្បាប់ ដាក់ទោសពួកខ្ញុំ ទាំង ៣នាក់ ទៅតាមច្បាប់ ដែលបានចែងទៅ ក្មេងអ្នកសូកប៉ាន់ មេអ្នកស៊ីសំណូក និងខ្ញុំអ្នករួមគំនិត»។
ក្នុងវិដេអូបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ត្រីឈ្មោះ ហន សុផា បានអះអាងថា ស្ត្រីទាហាន ឈ្មោះ អ៊ុត ម៉ារី បានមកបោកលុយនាង ចំនួន ៦៥០០ ដុល្លារ និងបងនាង ( ឃឹម ពិសី ) ចំនួន ៩០០០ ដុល្លារ
ដោយអះអាងថា យកទៅរត់ការ ក្នុងរយៈពេលតែ ៣ខែ នាង និងបងប្រុស នឹងបានចូលរៀន និងធ្វើជាទាហាន ក្នុងក្របខណ្ឌក្រសួងការពារជាតិ។ តែរហូតដល់ពេលនេះ ជាង ១ឆ្នាំហើយ មិនបានសម្រេច ហើយទារលុយវិញ ក៏មិនបាន។
ជនរងគ្រោះ ទាំង ២នាក់ ស្នាក់នៅខណ្ឌពោធិសែនជ័យ បានប្រកាសស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ពិសេសពីសម្តេចតេជោ ហ៊ុន សែន ក្នុងករណីទាហានស្ត្រី អ៊ុត ម៉ារី បោកលុយនាង ដើម្បីរត់ការចូលក្របខណ្ឌ កងទ័ព នៃក្រសួងការពារជាតិ កាលពីពីខែមេសា ឆ្នាំ២០១៨។
ប៉ុន្តែយ៉ាងណាក៏ដោយចុះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ត្រីឈ្មោះ អ៊ុត ម៉ារី បានទទួលស្គាល់ថា នាងបានទទួលលុយពីបុរសស្ត្រីទាំងពីរនេះពិតប្រាកដមែន ហើយនាងបានយកលុយទាំងនោះ ប្រគល់បន្តឲ្យទៅមេនាង ឈ្មោះ ជា លីម មានតួនាទីជានាយករងបុគ្គលិក នៃអគ្គនាយកដ្ឋានបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ស្ត្រីយោធា អ៊ុត ម៉ារី បន្តថា កន្លងមក នាងក៏បានរត់ការ ជួយឲ្យបងស្រីរបស់ ហន សុផា បានចូលធ្វើជាទាហាន ក្នុងក្របខណ្ឌក្រសួងការពារជាតិ ដោយបានចូលរៀនពេទ្យទាហាន រួចមកហើយ។
យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មិនទាន់មានការបកស្រាយ បែបណា ពីលោក ជា លីម នាយករងបុគ្គលិក អគ្គបញ្ជាការ ដែលស្ត្រីទាហាន អ៊ុត ម៉ារី បានអះអាងថា ជាអ្នកទទួលលុយពីនាង យកទៅរត់ការ ឲ្យស្ត្រីបុរស ២នាក់នោះ ចូលធ្វើទាហាន ក្នុងក្របខណ្ឌក្រសួងការពារជាតិ នៅឡើយទេ៕ Swiftnewsdaily