លោក អៀង ចេនឡា ដែលមហាជនស្គាល់លោកស្ទើរតែគ្រប់ទម្រង់នៃសិល្បៈដូចជាកំប្លែង សម្តែងកុន ច្រៀងកាត់សក់មង្គលការ និងថតសម្តែង MV ជាដើមនោះ ពេលនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសង្ស័យចង់ថាតើមែនពិត ឬគ្រាន់តែជាការលេងសើចយ៉ាងណា ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោក ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បង្ហាញលោកជាអ្នកលក់មាន់ ។
ជុំវិញរឿងនេះបង្កការភ្ញាក់ផ្អើលមិននឹកស្មានេះ លោក អៀង ចេនឡា បានប្រាប់អ្នកគាំទ្ររបស់លោក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលោកអះអាងត្រង់ៗថា ធាតុពិតរបស់លោក ដែលនៅពីក្រោយការសម្ដែង គឺលោកត្រឹមជាអ្នកលក់មាន់ប៉ុណ្ណោះ ។
លោកបានប្រាប់បន្ថែមថា លោកគឺជាអ្នកលក់មាន់ពិតមែន ដែលការងារនេះ លោកចាប់លក់តាំងពីប្រមាណ ១ឆ្នាំមុនម្ល៉េះ ។ ហើយចំពោះមូលហេតុនេះ លោកប្រាប់ថា ពីដំបូង លោកគ្រាន់តែទិញមាន់ពីផ្សារ ៤ ទៅ ៥ ក្បាល មកចិញ្ចឹមលេងប៉ុណ្ណោះ ដោយសារលោកជាអ្នកចូលចិត្តចិញ្ចឹមសត្វ និងក៏ដូចដើម្បីកំដរការអផ្សុក។
ក្រោយមកមេមាន់លោក ក៏បានកើតកូនច្រើនឡើង លោកក៏ថតបង្ហោះក្នុង Group មិត្តភ័ក្ដិ និងទំព័រហ្វេសប៊ុករបស់ខ្លួន ស្រាប់តែមានអ្នកចាប់អារម្មណ៍ និងសុំទិញ ហើយលោកក៏បានចាប់លក់ឲ្យគេ។
ដោយសារតែមានអតិថិជន កុម្ម៉ង់ទិញកាន់តែច្រើន លោកក៏បែកគំនិតចាប់ផ្ដើមពង្រីកការចិញ្ចឹម សម្រាប់ផ្គត់ផ្គង់តម្រូវការតែម្ដង ។
លោកបានចែករំលែកឲ្យដឹងថា លោកអាចចំណេញពីការលក់មាន់របស់លោកប្រមាណជា ៣០០-៤០០ ដុល្លារ ដែរក្នុង១ខែ ។ តែបើរដូវត្រូវការខ្លាំង ដូចជាសែនចិន បុណ្យភ្ជុំអីជាដើម ជួនកាល១ថ្ងៃ លោកអាចលក់បាន ២០០-៣០០ ដុល្លារឯណោះ ៕