កណ្ដាល ៖ មន្ទីរពហុព្យាបាល និងសម្ភព ថ្នល់ទទឹង ដែលមានទីតាំងស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល រើសអើងកម្មករនិយោជិតដែលចូលសម្រាក
ព្យាបាល ដោយប្រើប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ថែមទាំងមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ នៅពេលដែលពួកគាត់ចូលទៅទទួលសេវាព្យាបាលទៀតផង។
ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្មការិនីម្នាក់ឈ្មោះ សយ ស្រស់ អត្តលេខ 1221 បម្រើការនៅរោងចក្រកាបូប ស៊ូភៀល ដែលមានទីស្ថិតនៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជាប្រធានសហជីពចលនាកម្មករ ប្រចាំរោងចក្រនោះដែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលខាងលើ
ដែលជាដៃគូសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដោយប្រើប័ណ្ណ ប.ស.ស. ប៉ុន្តែមិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកពេទ្យប្រចាំការនៅទីនោះឡើយ។
កម្មការិនីរងគ្រោះខាងលើរៀបរាប់ថា នៅពេលដែលខ្លួនត្រូវបានបញ្ជូនដល់កន្លែងសង្គ្រោះ បន្ទាប់ពីដេរមុខរបួសហើយ ក្នុងនាមជាគ្រូពេទ្យបែរជាសួរអ្នកជំងឺថា “ចង់ធ្វើយ៉ាងម៉េចវិញ?”។
នៅពេលអ្នកជំងឺតបថា ធ្វើយ៉ាងម៉េចក៏បានឲ្យតែឆាប់ជាសះស្បើយ គ្រូពេទ្យក៏សួរបន្តថា “ចង់ដាក់សេរ៉ូម ឬក៏ចាក់ថ្នាំ?”។ រហូតដល់ជនរងគ្រោះប្រាប់ឲ្យចាក់ទាំងថ្នាំ ដាក់ទាំងសេរ៉ូម ទើបគ្រូពេទ្យធ្វើតាម តែកំណត់ថាសេរ៉ូមដាក់បានតែពីរប្លោកទេ។
ហើយនៅថ្ងៃបន្ទាប់រហូតដល់ម៉ោងប្រមាណជាង៩ព្រឹក ទាល់តែអ្នកកំដរជនរងគ្រោះទៅតាមសួរនាំ ទើបគ្រូពេទ្យមកចាក់ថ្នាំឲ្យ១លើកចុងក្រោយ រួចក៏ចេញទៅបាត់ពេញមួយថ្ងៃ ដោយមិនសូម្បីតែមកសួរនាំពីអាការៈរបស់អ្នកជំងឺថាយ៉ាងម៉េចយ៉ាងម៉ាហើយនោះទេ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្រាកបានមួយយប់ ខាងគ្រូពេទ្យបានប្រាប់ឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញ ទាំងដែលកម្មការិនីរងគ្រោះកម្រើកជើងមិនទាន់បាន និងនៅឈឺចាប់នៅឡើយ ទើបនៅល្ងាចថ្ងៃទី១៧ ខែសីហា
ជនរងគ្រោះសម្រេចចិត្តត្រឡប់ទៅកន្លែងស្នាក់នៅវិញទាំងគ្មានជម្រើស ព្រោះបើនៅព្យាបាលបន្ត ក៏មិនទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមន្ទីរពហុព្យាបាលនោះដែរ។
ទាក់ទងនឹងករណីនេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ស្នើដល់មន្ទីរសុខាភិបាលខេត្តកណ្ដាល
ចុះឆែកនិងពិនិត្យមើលលើករណីខាងលើ ថាតើបុគ្គលិកមន្ទីរពហុព្យបាល និងសម្ភព ថ្នល់ទទឹង ពិតជាបានរើសអើង និងមិនយកចិត្តទុកចំពោះអ្នកជំងឺ ដែលប្រើប្រាស់ប័ណ្ណ ប.ប.ស. មែនដែរឬទេ?
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បន្ថែមថា យើងមិនគួរបណ្ដែតបណ្ដោយឲ្យបុគ្គលិកពេទ្យមួយចំនួន បន្តប្រើប្រាស់ឥរិយាបថមិនសមរម្យ រើសអើង និងមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណ ប.ប.ស. នោះឡើយ៕
ប្រភព ៖ #សម្ព័ន្ធសហជីពចលនាកម្មករ