ភ្នំពេញ៖ ក្នុងស្ថានភាពស្រវឹងបុរសជើងខ្លាំងម្នាក់បានបើករថយន្តខ្លួនម៉ាកហាយលែនឌ័រ ស្លាកលេខ 2AF-9766 ទៅបុកគូថរថយន្តព្រូសមួយគ្រឿងនៅម្តុំផ្សារដើមថ្កូវ នារាត្រីថ្ងៃទី២៥ មិថុនា ២០១៨ នេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនរស់នៅម្តុំនោះ និងអ្នកកំពុងធ្វើដំណើរតាមដងផ្លូវ ពិសេសក៏មានវត្តមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថាក្រោយពេលបុកត្រូវរថយន្តព្រូសហើយ ជនបង្កហេតុរូបនេះថែមទាំងបានដកកាំភ្លើងមកភ្ជង់ និងគម្រាមទៅលើសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចមកធ្វើការសួរនាំថែមទៀតផង។ បន្ថែមលើនេះជនបង្កក៏បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុដោយមិនចង់ទទួលខុសត្រូវចំពោះកំហុសខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចសហការណ៍តាមចាប់ជននេះបានភ្លាមៗផងដែរ។ ចំពោះអត្តសញ្ញាណជនបង្កជាម្ចាស់រថយន្តហាយលែនឌ័រ និងជនរងគ្រោះគេពុំទាន់បានស្គាល់នៅឡើយ ដោយកំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ច៕