ខេត្តឧត្ដរមានជ័យ ៖ បន្តាប់ពីមានព័ត៌មានបែកធ្លាយមកថាលោកឧត្តមសេនីយ៍ទោ សន ស៊ា និងមន្ដ្រីយោធាក្រោមឱវាទចាប់បង្ខាំងធ្វើទារុណកម្មមកលើកម្មករឡឥដ្ឋម្នាក់យ៉ាងឃោរឃៅរួចមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ហើយកាលភ្លាមៗនោះលោក ឧត្តសេនីយ៍ទោសន
ស៊ាបានបដិសេធថាមិនបានវាយទេ ប៉ុន្ដែរហូតមកដល់ពេលនេះទំនងជាមិនអាចលាក់បាំងការពិតបាន លោកបានព្យាយាមស្វះស្វែងរកការសម្របសម្រួលជាមួយជនរងគ្រោះតែខាងជនរងគ្រោះទារ១មុឺនដុល្លារ ចំណែកលោកសន ស៊ា ហ៊ានសងត្រឹមតែ៤ពាន់ដុល្លារប៉ុណ្ណោះ ។
ករណីនេះក្រោយពេល កើតហេតុភ្លាមៗម្ដាយជនរងគ្រោះដែលជាស្ដ្រីមេម៉ាយវ័យ៦៣ឆ្នាំទៅហើយនោះបានធ្វើការអំពាវនាវ ដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចមន្ដ្រីជាន់ខ្ពស់ក្នុងជួរកករសួងការពារជាតិ មេត្តាជួយអន្តរាគមនិងរកយុត្តិធម៌ដល់ខ្លួនផង ដោយៈនរងគ្រោះបានលើកឡើងថាកងទ័ពជាអ្នកការពារប្រជាជន
ប៉ុន្ដែនេះលោកឧត្តមសេនីយ៍រូបនេះបែរជាយកតួនាទីអំណាចបុណ្យស័ក្ដិមកវាយធ្វើបាបប្រជាជនស្លូតត្រង់ទន់ខ្សោយទៅវិញ ដូច្នេះក្នុងនាមក្រុមគ្រួសារជនរងគ្រោះដែលជាស្ដ្រីមេម៉ាយពីរនាក់ម្ដាយ កូន មិនអាចទទួលយកបានទេនូវអំពើអមនុស្សធម៌ដ៏ឃោរឃៅនេះ ។
បើតាមប្រភពពីក្រុមគ្រួសាររងគ្រោះបានឲ្យដឹងថា ពេលនេះដំណោះស្រាយនិង បណ្ដឹង គឺនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ព្រោះភាគីដែលរងការចោទប្រកាន់ ជាមន្ត្រីយោធាមានបុណ្យស័ក្ដិធំ ។
ប្រភពដដែលបន្តថា ឥឡូវលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បានសម្រួលព្រម សង ចំនួន៤ ពាន់ ដុល្លារ ឲ្យមកជនរងគ្រោះដើម្បីបញ្ចប់រឿង នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ប៉ុន្តែក្រុមគ្រួសាររងគ្រោះទារសំណងចំនួន ១ មុឺនដុល្លារ ទើបពុំទាន់ត្រូវគ្នាដោយគ្រួសារ រងគ្រោះមានការឈឺចាប់ខ្លាំងពេកក្រោយត្រូវគេបង្ខាំងធ្វើទារុណកម្មជិតមួយថ្ងៃ បណ្ដាលឲ្យរបួសធ្ងន់ដេកពេទ្យនៅខេត្តសៀមរាប ។
គួរំលឹកថា ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ចំណែកស្ដ្រីជា ម្ដាយមានឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ស្រ្ដីជាម្ដាយបានឲ្យដឹងថា ពួកខ្លួនធ្វើជាកម្មករឡរឥដ្ឋ អស់រយ:ពេលជាង១០ឆ្នាំមកហើយទាំងម្ដាយនិងកូន ប៉ុន្ដែដើមចមដំបូងមុនកើតហេតុគឺ កាលពីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ លោក សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បានទិញឥដ្ឋចំនួនមួយឡាន ឲ្យ យកទៅដាក់ដល់ទៅ៣កន្លែង នៅឆ្ងាយៗពីគ្នានៅក្នុងចម្ការផង នៅក្នុងបន្ទាយផង ពេលនោះកូនខ្លួន បានទូរស័ព្ទទៅសួរ ថៅកែថា «មេគេឲ្យដឹកឥដ្ឋទម្លាក់៣កន្លែង »។
ពេលនោះថៅកែឡឥដ្ឋថា« កុំទៅអីព្រោះ លើកមុនយើងជាប់ឡានម្ដងហើយ ជិត២ថ្ងៃឯណោះ ទើបយកឡានចេញបាន» បន្ទាប់មកជនរងគ្រោះបានអនុវត្តតាមបញ្ជាថៅកែ ដោយមិនបើករថយន្ត យកឥដ្ឋដើរទម្លាក់នោះទេ បែរជាខុសចិត្ត លោកឧត្ដមសេនីយ៍ទោ សន ស៊ា បណ្ដាលឲ្យលោក សន ស៊ា ខឹងសម្បារជាខ្លាំង ព្រោះខ្លួនធ្វើការធំប៉ុណ្ណឹងដែរ បែរជាតៃកុងឡានឥដ្ឋ មិនស្ដាប់បញ្ជាទៀត ភ្លាមៗ នោះលោក
បានបញ្ជាឲ្យកូនចៅខ្លួនចាប់ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី មកវ៉ៃទាត់ធាក់ឡើងទន់ខ្លួន មិនអស់ចិត្តទេលោក សន ស៊ា បានហៅមន្រ្ដីក្រោមឱវាទ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ចាប់សែងជនរងគ្រោះញាត់ចូលក្នុងឡាន យកទៅបង្ខាំង ក្នុងបន្ទាយ បង្អត់បាយ និង ឲ្យលុតចង្គង់លើគ្រាប់ក្រួស រួចវ៉ៃរហូតជនរងគ្រោះរបួសធ្ងន់ក្នុងខ្លួន ហើមខ្លួន ប៉ោងក្បាល រួចចោទថា ជនរងគ្រោះញៀនថ្នាំទៅវិញ ។
ទន្ទឹមនិងនោះម្ដាយជនរងគ្រោះបានទៅ សុំអង្វរចង់ជួបកូនដល់បន្ទាយ និង ស្នើឲ្យដោះលែងកូនខ្លួនវិញ ប៉ុន្តែរយៈពេលកន្លះថ្ងៃទើបក្រុមទាហាន អនុញ្ញាតឲ្យជួបនិងកូន ។ ដោយឃើញកូននៅក្នុងសភាពរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ម្ដាយជនរងគ្រោះបញ្ជាក់ថា កូនគាត់ធ្វើតាមបញ្ជាថៅកែឡឥដ្ឋប៉ុណ្ណោះព្រោះបើក ប្រាក់ខែពីថៅកែសោះ ហេតុអីក៏លោកសន ស៊ា អាងអំណាចធំចាប់កូនគាត់ធ្វើទារុណកម្មបែបនេះទៅវិញ? ។
ពាក់ព័ន្ធនិងព័ត៌មាននេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេភ្នាក់ងារយើង រង់ចាំការបំភ្លឺបន្ថែមទៀត ពីលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ ជុំវិញរឿងរ៉ាវទាំងនេះ ៕ PNASIA