ភ្នំពេញ៖ ពេលនេះស្ថានភាពជំងឺរបស់ លោកតាក់ ស៊ី កាន់តែទ្រុឌទ្រោមដុនដាបខ្លាំងទៅៗហើយបន្ទាប់ពីសឹកលាចាកសិក្ខាបទពីបួសមកវិញនោះ ហើយពេលនេះលោកសល់តែខ្លួនជា មួយវ៉ាលីខោអាវ១ប៉ុណ្ណោះ គ្មានផ្ទះសម្បែងជ្រកកោណ គ្មានការងារធ្វើ និងគ្មានលុយកាក់ ហើយប្រពន្ធកូនក៏មិនព្រមទទួលយកវិញទៀតនេះហើយជីវិតចុងក្រោយរបស់នាយតាក់សុី។
យោងតាមរយៈការឡាយវីដេអូ ជាមួយលោកហេង ឡុង កាលពីប៉ុន្មានថ្ងៃមុន លោក តាក់ ស៊ី បានឲ្យដឹងថា លោកបានបែកបាក់ស្នេហា ជាមួយនាង ភីម តាំងពីមុនទៅបួសមកម្ល៉េះ មុនពេលលោកចេញសាងផ្នួស លោកបានចែកផ្លូវគ្នា ជាមួយភរិយាហើយ
ដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅប្រពន្ធ កូន ហើយលោក និងប្រពន្ធមិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែមិនគួរណាមានបញ្ហាផ្នែកសុខភាពបែបនេះសោះ។
យ៉ាងណា ក្រោយការ Liveវីដេអូ របស់លោកតាត់ ស៊ី មហាជនជាច្រើនបានចោទជាសំនួរ ហាក់រាងអាក់អន់ចិត្តនឹងអ្នកនាង ភីម ខណៈមិនយកចិត្តទុកដាក់ជាមួយប្ដីសោះ ធ្វើដូចអ្នកដទៃ។
ជាមួយគ្នានេះ អ្នកនាង ភីម បានឆ្លើយបំភ្លឺវិញថា អ្នកនាងបានលែងលះគ្នាដាច់ស្រេចជាមួយលោក តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ ដូច្នេះគ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ ដោយមានគ្រួសារទាំងសងខាងទទួលស្គាល់ដឹងឮទៀតផង ហើយអ្នកនាងមិនអាចទទួលយកលោកតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតបានឡើយ។
អ្នកនាងភីម បន្ថែមទៀតថា កាលនៅរួមរស់ជាមួយគ្នា លោកតាក់ ស៊ី តែងធ្វើឲ្យប្រពន្ធកូនពិបាកចិត្ត ជាច្រើនលើកច្រើនសារ ប៉ុន្តែនាងមិនដែលប្រកាន់ខឹងទេ ទោះជាប្ដីមានជំងឺប្រចាំកាយក្ដីក៏ដោយ។ ក្រោយមកគាត់ចង់ទៅបួស ព្រោះដឹងថាធ្វើខុសចំពោះគ្រួសារអ្វីខ្លះ។
អ្នកមិនដឹងរឿង ប្រហែលគិតថា ខ្ញុំមិនដាច់ចិត្ត ព្រោះគាត់ឈឺហើយបោះបង់គាត់ទៀត ប៉ុន្តែមុនទៅបួស ខ្ញុំអង្វរគាត់ ថាកុំលែង បើចង់ទៅបួសតែមួយរយៈបានហើយ ប៉ុន្តែគាត់មិនព្រម គាត់លែងខ្ញុំ និងកូន ទៅដោយមិនខ្វល់សោះឡើយ។ សម្រាប់ពេលនេះ ខ្ញុំមិនអាចទទួលយកគាត់ធ្វើជាប្ដីវិញបានទេ ប៉ុន្តែសុំត្រឹមរាប់អានគ្នាធម្មតាចុះ ។
ជាការពិតហើយមហាជនបានដឹងរឿងក្រុមគ្រួសាររបស់តារាកំប្លែងនាយតាក់សុីនិងនាងភីម មិនច្បាស់ដូចនាងភីមនិងនាយតាក់សុីនោះទេ ដូច្នេះមានន័យថាចង្កៀងផ្ទះណាវាភ្លឺបានតែក្នុងផ្ទះនោះប៉ុណ្ណោះ
អ្វីដែលយើងដឹងនៅខាងក្រៅវាមិនបានច្បាស់លាស់ដូចអ្នករស់នៅក្នុងរង្វង់គ្រួសាររបស់គេផ្ទាល់នោះឡើយ ចំពោះគ្រួសារនេះមានអាថ៌កំបាំងយ៉ាងណាទៀតនោះក៏ក្នុងនាមយើងជាមហាជនមិនដឹងដែរ អ្វីៗវាស្រេចតែលើការបកស្រាយរបស់សាមីខ្លួនតែប៉ុណ្ណោះ ៕ PNASIA