ខេត្តប៉ៃលិន ៖ មុនដំបូងមានការភ្ញាក់ផ្អើលបន្ទាប់ពីសមត្ថកិច្ចស្រុកសាលា ក្រៅខេត្តប៉ៃលិនចាប់ខ្លួនបុរសម្នាក់ក្រោមបទចោទប្រកាន់ថាបាននាំគ្នាជួលគ្រឿងចក្រលួចច្រូតស្រូវគេ តែតាមការពិតគឺជារឿងទំនាស់ដីធ្លីដែលកំពុងដំណើការក្ដីក្ដាំនៅតុលាការសោះ ជាហេតុនាំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទាំងស្រុង ។
បើយោងតាមការបញ្ជាក់ពីប្រពន្ធជនសង្ស័យ ដែលត្រូវនគរបាល ចាប់ប្ដីឃុំខ្លួនទាំងកណ្តាលអធ្រាត្រចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តាមប្តឹងរបស់ លោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរងខេត្តព្រះវិហារថា លួចច្រូតស្រូវយកលក់ សូមឲ្យអាជ្ញាធរសមត្ថកិច្ច តុលាការ ជួយរកយុត្តិធម៌ជូនប្តីរបស់ខ្លួនផង ដែលជាម្ចាស់ដីស្រែកំពុងមានទំនាស់ ស្ថិតនៅក្នុងដំណើរការដោះស្រាយរបស់តុលាការខេត្តប៉ៃលិននៅឡើយ ចំពោះឈ្មោះលោកឧត្តមសេនីយ៍ត្រី រឿង រើន មិនមានឈ្មោះ ក្នុងសំណុំរឿងនោះផង
បែរជាយកដីទំនាស់ជួលឲ្យពលរដ្ឋធ្វើស្រែ លុះប្តីរបស់ខ្លួន ចុះហាមឃាត់ ខាងប្រជាពលរដ្ឋដែលជួលធ្វើស្រែ សុខចិត្ត បែងចែកផលស្រូវអោយ៤០ភាគរយនៃផលស្រូវទាំងអស់ ដោយមានការសមរបសម្រួលពីមេភូមិ បានរកម៉ាស៊ីច្រូតអោយទៀត និងសាក្សីជាច្រើនដើម្បីបញ្ចប់រឿងបែរជាប្តីរបស់ខ្លួនត្រូវប៉ូលិស ចាប់ខ្លួនទៅវិញ។
ស្ត្រីជាប្រពន្ធរបស់ជនឈ្មោះ ហុង វណ្ណី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវសមត្ថកិច្ចឃុំខ្លួន បានឲ្យដឹងថា ប្តីរបស់ខ្លួនជាកូនបង្កើតរបស់សព ឈ្មោះ ហុងគាលី ទទួលបានសិទ្ធិពីតុលាការ ក្នុងការបន្តសិទ្ធិ តាមនីតិវិធីច្បាប់ នៅក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ៣៥ ចុះថ្ងៃទី១៩ ខែកក្កដា ២០១៦ របស់សាលាដំបូងខេត្តប៉ៃលិន។
រឿងរដ្ឋប្បវេណីនេះ គឺរឿងទំនាស់ដីធ្លី៥៣ហិកតា ស្ថិតនៅភូមិភ្នំកុយឃុំ-ស្រុកសាលាក្រៅ ខេត្តប៉ៃលិនតាំងពីឆ្នាំ២០១៤ រវាងឳពុកក្មេកជាមួយឈ្មោះ ព្រំ សុវណ្ណថា ភេទស្រី អាយុ៥៤ឆ្នាំ និងឈ្មោះ អួង សុវិចិត្ត ភេទប្រុសអាយុ៣៥ឆ្នាំ ។បន្ទាប់មកឳពុកក្មេក ស្លាប់បានផ្ទេរដីទាំងអស់អោយប្តីរបស់ខ្លួន។
ក្រោយទទួលបានសិទ្ធិពីឳពុកមុនមានករណីចាប់ឃុំខ្លួនដីទំនាស់ខាងលើ ត្រូវបានភាគីម្ខាងទៀតដែលមានឈ្មោះ រឿង រើន មានតួនាទីជាស្នងការរងខេត្តព្រះវិហារ ពាក់ផ្កាយ១ ដែលមិនមានឈ្មោះក្នុងភាគីទំនាស់ បានជួលអោយគេធ្វើស្រែត្រូវបានប្តីរបស់ខ្លួនទៅឃាត់ តែមិនដឹង ជាហេតុអ្វី នៅតែមានអ្នកធ្វើស្រែដដែល។
លុះថ្ងៃទី៨ សីហា ២០១៩ ពួកខ្លួន បានទៅហាមឃាត់ម្តងទៀត ទៅលើម្ចាស់ស្រែ និងប្តឹងទៅតុលាការ តែខាងប្រជាពលរដ្ឋ៣នាក់ ដែលអះអាងថា បានជួលដីពីឈ្មោះ រឿង រើន បានសូមការសម្របសម្រួលមិនអោយប្តឹងទៅតុលាការ ដោយសូមចែកផលស្រូវអោយមកខាង ខ្លួន៤០ភាគរយ ពលរដ្ឋយក៦០ភាគរយ ដើម្បីបានលុយខ្លះសងថ្លៃជីនិងពូជស្រូវ។
ដោយឃើញការលំបាករបស់ម្ចាស់ស្រែ ក៏សុខចិត្តទទួលយកការសម្របសម្រួលដែលមានមេភូមិ កុយ ជាអ្នកសម្របសម្រួលនិងសមត្ថកិច្ចប៉េអិមចូលរួមជាសាក្សីផង ទាំងលោកមេភូមិ ជាអ្នករកម៉ាស៊ីនច្រូតអោយទៀតផង ព្រោះបើមិនមានអាជ្ញាធររកទេគ្មានម៉ាស៊ីនច្រូតណាហ៊ានចូលច្រូតឡើយ ព្រោះជា ដីទំនាស់ហើយអ្នកច្រូតមុន និងច្រូតក៏បានសួរទៅម្ចាស់ស្រែដែរ។
ស្ត្រីជាប្រពន្ធ បានបន្ថែមទៀតថា លុះច្រូតហើយលក់បានលុយជិតបីម៉ឹនបាត ក៏យកលុយមកចែកគ្នានៅមុខមេភូមិ នៅវេលាម៉ោងប្រមាណជា១១យប់ ស្រាប់មានប៉ូលិស មកហៅប្តីខ្លួនទៅសួរនាំនៅអធិការស្រុកសាលាក្រៅ ទាំងមានមេភូមិ ក៏ទៅជាមួយ និងខាងពលរដ្ឋដែលព្រមបែងចែកផលស្រូវអោយចំនួន២នាក់
ក៏ទៅដែរតាមការប្តឹងផ្ទាល់មាត់របស់ផ្កាយមួយ រឿង រើន ជាស្នងការរងខេត្តព្រះវិហារ។ ការហៅសួរនាំរហូតដល់ម៉ោង១ ក៏ឃាត់ខ្លួនឈ្មោះ ហុង វណ្ណី នៅនឹងកន្លែងឃុំខ្លួនរបស់អធិការស្រុកនោះតែម្តង។ទោះបីជាមានសាក្សីជាមេភូមិ និងរូបថត នៃការជួបសម្រួលគ្នាក៏ដោយក៏នៅតែឃាត់ខ្លួនដែរ។
លោក ឡិញ ឡី មេភូមិភ្នំកុយ បានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជា បានសម្របសម្រួលក្នុងរឿងចែកផលស្រូវខាងលើ និងបានចូលទៅអធិការពិតមែនតែមិនដឹងជារឿងយ៉ាងណា បានជាគេឃាត់ខ្លួនឈ្មោះ ហុង វណ្ណី ថាលួចស្រូវគេទៅវិញ។រឿងទំនាស់ដីធ្លីខាងលើ លោកក៏បានដឹងដែលថា កំពុងស្ថិតនៅតុលាការដោយលោកពុំដឹងថា ពលរដ្ឋណាខ្លះធ្វើស្រែ លើដីខាងលើនោះទេ។
ជុំវិញករណីខាងលើនេះ លោក អធិការស្រុកសាលាក្រៅ បានឲ្យថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាម្ចាស់ស្រែ ឈ្មោះ រឿន រើន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាស្នងការរងខេត្តព្រះវិហារ ថា ជនសង្ស័យខាងលើយកម៉ាស៊ីនច្រូតស្រូវទៅច្រូតអស់ ២ហិកតា សមត្ថកិច្ចលោកបាន ឃាត់ខ្លួនក្នុងបទល្មើស ជាក់ស្តែង កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទាំងដឹងថា ដីស្រែខាងលើមានទំនាស់។
ក្រោយការឃាត់ខ្លួន ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមច្បាប់។ ទាក់ទិន ការលើកឡើងនេះភ្នាក់ងារអងង្គភាពគេហទំព័រយើង មិនអាចសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរងខេត្តព្រះវិហារ បាននៅឡើយដោយគ្មានលេខទូរស័ព្ទ ៕ PNASIA