ថៃ៖ ស្ត្រីម្នាក់ និងកុមារ ៣នាក់ ដែលជាជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួន នៅពេលពួកគេ ព្យាយាមដើរពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងបាងកក។
ករណីនេះ បានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ស្ថិតនៅភូមិ Ban Sradoo នៅស្រុក Kabin Buri ខេត្ត Prachin Buri នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ នេះ បន្ទាប់ពីសមត្ថកិច្ចថៃ ទទួលបានការរាយការណ៍ថា មានស្ត្រី និងក្មេង ៤នាក់ ដើរមិនដឹងគោលដៅ កាលពីម៉ោង ១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃដដែល។
យោងតាមការសាកសួររបស់សមត្ថកិច្ចថៃ ស្ត្រីខាងលើមានអាយុ ៤០ឆ្នាំ ត្រូវជាម្ដាយរបស់កុមារទាំង៣ ស្រី២ និងប្រុស១ ដែលមានអាយុ ៨, ៩ និង ១២ឆ្នាំ ហើយគាត់ មានបំណងទៅជួបជាមួយប្ដីរបស់គាត់ ដែលធ្វើការជាអ្នកលក់ផ្កា នៅទីក្រុងបាងកក។ គាត់បន្តថា គាត់ចង់ទៅរកការងារនៅទីនោះ ដើម្បីចិញ្ចឹមជីវភាពគ្រួសារផងដែរ។
ស្ត្រីដដែលបន្ថែមថា គាត់គ្មានលុយធ្វើដំណើរតាមរថយន្តក្រុងទេ បន្ទាប់ពីឆ្លងតាមច្រកប៉ោយប៉ែត ចូលទៅខេត្តស្រះកែវ។ ដូច្នេះ គាត់ក៏សម្រេចចិត្តដើរពីស្រះកែវ ទៅបាងកក តែម្ដង។ ពួកគេ បានចេញដំណើរតាំងពីយប់ ថ្ងៃអង្គារ ទី៦ ខែសីហា។
សមត្ថកិច្ចថៃ រកឃើញ ប្រាក់ ១០០បាត នៅជាប់ខ្លួនស្ត្រីខ្មែរខាងលើ ដែលគាត់អះអាងថា ប្រើប្រាស់ដើម្បីទិញម្ហូបឱ្យកូនៗរបស់គាត់ញ៉ាំ នៅតាមផ្លូវទៅបាងកក។
យ៉ាងណាមិញ នៅជាប់ខ្លួនអ្នកទាំង៤ មិនមានឯកសារ ឬ លិខិតឆ្លងដែនណាមួយឡើយ។ សមត្ថកិច្ចថៃ នឹងបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ៕ mytvplus