ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថានៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ និងយក អេឡេកូ ចំនួន២គ្រឿងដើម្បីទៅដឹក សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចនិងអ្នកម្នាង អ៊ុក ផល្លា ដើម្បីយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
សូមបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង៥០នាទី រថយន្តBMWរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ិនប៉ិច បានបុកគ្នាជាមួយរថយន្តតាក់ស៊ី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន៧នាក់រងរបួសធ្ងន់ ស្រាល ក្នុងនោះសម្តេចក្រុមព្រះនិងអ្នកម្នាងរងរបួសធ្ងន់។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជា ឲ្យសមត្ថកិច្ច ជំនាញ ទៅកាន់កន្លែងកើតហេតុ ជាបន្ទាន់ដើម្បីចាត់វិធានការ ការពារកន្លែងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះមកកាន់មន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាៈ គ្រោះថ្នាក់នេះ បង្កដោយ រថយន្តតាក់ស៊ី HIGHLANDER ពណ៌ ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-9667 បើកបរដោយឈ្មោះ វ៉ុល សារ៉េត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដឹកភ្ញៀវចំនួន៤នាក់ ស្រី១នាក់ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើក៏រ៉េចង្កូតមកខាងឆ្វេងដៃ បុករថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា 5 2-090 ជិះគ្នាចំនួន៣នាក់ ស្រី ១នាក់ របស់សម្តេចក្រុមព្រះ មានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ៧នាក់ ស្រី ២នាក់ ៖
១-អ្នកម្នាង រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
២-សម្តេចក្រុមព្រះ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅគ្លីនិកសេតេ ។
៣-ចំណែកអ្នករងរបួសផ្សេងៗ ទៀត កំពុងបញ្ជូនទៅសង្គ្រោះនៅគ្លីនិកផ្សេងៗ។ ក្រោយកើតហេតុអ្នកបើករថយន្តតាក់ស៊ី ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕