កន្ត្រកវិលដ៏ធំជាងគេនៅក្នុងតំបន់អាស៊ាននឹងលេចចេញជារូបរាងនៅក្នុងខេត្ត សៀមរាប នាពេលឆាប់ៗខាងមុខនេះ ។ ហើយទីតាំងនៃការសាងសង់កន្ត្រកវិលដ៏ធំនេះគឺស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅក្នុងផ្សារ និង សួនកំសាន្ត Box Vill ដែលគ្រោងចំណាយថវិកាវិនិយោគប្រមាណជា ៧,២លានដុល្លារ ។
គម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះ Angkor Eyes Cambodia Limited និង ក្រុមហ៊ុនជប៉ុន CQ Amenic Co នេះគឺជាគម្រោងទី១៤ហើយ របស់ក្រុមហ៊ុនជប៉ុនមួយនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន ១៣ នៅទូទាំងពិភពលោក ។
គម្រោងនេះបានធ្វើពិធីបើកការដ្ឋានសាងសង់រួចហើយកាលពីពេលថ្មីៗនេះ ហើយក៏នឹងបើកដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ ។ កន្ត្រកវិលនេះមានកម្ពស់ ៨៥ម៉ែត្រ មានកន្ត្រកចំនួន ៤៨កន្ត្រក ដែលអាចផ្ទុកមនុស្សរហូតដល់ទៅ ១៩២នាក់ ។
នេះក៏ជាការទាក់ទាញភ្ញៀវទេសចរថ្មីមួយទៀត ក្រៅពីភ្ញៀវទេសចរទៅទស្សនាតំបន់ប្រាសាទអង្គរហើយនោះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏អាចនាំគ្នាទៅជិះកន្ត្រកវិលនោះកម្សាន្តលេង ជាមួយការទស្សនាទីក្រុងសៀមរាបពីលើអាកាសយ៉ាងត្រជាក់ភ្នែកផងដែរ ៕ ប្រជាប្រិយ