(ភ្នំពេញ)៖ ក្រុមហ៊ុន BUSINESS NETWORK INTERNATIONAL ( BNI ) បានប្រកាសរៀបចំសន្និសីទថ្នាក់ជាតិ នៅកម្ពុជា ឆ្នាំ២០១៩ ដោយលើកឡើងថា ប្រសិនបើលោកអ្នកចង់ពង្រីកទំនាក់ទំនងផ្នែកមុខជំនួញ គឺប្រាកដណាស់ លោកអ្នកអាចូលរូមបាន ដើម្បីជួបជាមួយម្ចាស់អាជីវកម្មជាង៥០០នាក់ នៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេសនានា តែក្នុងរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៩។
អ្នកចូលរួមកម្មវិធីនេះ ត្រូវបង់ប្រាក់៨៥ដុល្លារ សម្រាប់សមាជិក BNI និង១០០ដុល្លារ សម្រាប់អ្នកមិនមែនជាសមាជិក។ ផុតកំណត់ចុះឈ្មោះ ត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
ក្រុមហ៊ុនឯកជន BNI បានប្រកាសថា ក្នុងសន្និសីទថ្នាក់ជាតិ នៅកម្ពុជា ឆ្នាំ២០១៩ គឺលោកអ្នក ដែលចង់ពង្រីកទំនាក់ទំនងផ្នែកមុខជំនួញ នឹងបានរៀនពីវាគ្មិនពិសេសៗអស្ចារ្យរបស់យើង ស្វែងរកដែគូធ្វើជំនួញ ព្រមទាំងបង្ហាញផលិតផល និងសេវាកម្មរបស់លោកអ្នក។
តាមសេចក្តីប្រកាស វាគ្មិន ដែលចូលរួមធ្វើបទបង្ហាញ ក្នុងកម្មវិធី នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
១- ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រ
២- លោកស្រី ហាស្សាល់ វ៉កឃ័រ (HAZAL WALKER) នាយកប្រតិបត្តិក្រុមហ៊ុន BNI
យ៉ាងណាក៏ដោយ បើសិនជាការផ្សព្វផ្សាយនេះ ជាការពិតមែន គឺវាមិនត្រូវយកព្រះសង្ឃ ទៅទេសនា នៅក្នុងការធ្វើ Bussiness Network ធ្វើសេវាកម្ម គឺមិនត្រូវធ្វើផ្តេសផ្តាសអីចឹងទេ។
បើជាចេតនា ឬអចេតនា ហើយបើទទួល ឬមិនទទួលក្តី ក៏មិនត្រូវមានបែបនេះទេ ព្រោះរឿងនេះ ជារឿងមួយ ដែលក្រុមហ៊ុន យកបុគ្គលជាព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា យកទៅធ្វើអាជីវកម្ម លក់សំបុត្រ ចូលរៀនវគ្គ ធ្វើអ្នកមាន។
ករណីនេះ មិនគម្បីនឹងសាសនាឡើយ។ ចង់ឲ្យមនុស្សចេះធម៌ កុំលោភលន់ ចេះធ្វើបុណ្យ គួរតែទៅស្តាប់ព្រះសង្ឃ នៅវត្ត។ គ្រប់គ្នាមិនគួរភ្លេចខ្លួននោះទេ ហើយគួរធ្វើដោយការពិចារណា អ្វីសម អ្វីគួរ។
ក្រុមហ៊ុនឯកជន មិនគួរយកព្រះសង្ឃ ទៅធ្វើអាជីវកម្មនោះទេ។ បើសិនជាចង់ឲ្យមនុស្សចេះតាមផ្លូវសាសនា សុំកុំលោភលន់ ចេះធ្វើបុណ្យ ដោយនិមន្តព្រះសង្ឃ ជាវាគ្មិន គួរតែកុំយកលុយពីអ្នកចូលរួមស្តាប់។
គួរតែធ្វើជាធម្មទាន ឬក៏ព្រះសង្ឃ ដែលបាននិមន្ត ជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនោះ ទទួលយកកម្រៃដែរ ទើបបានជាក្រុមហ៊ុនយកលុយពីអ្នកចូលរួមដល់ទៅ៨០ដុល្លារ ទៅ១០០ដុល្លារ ក្នុងម្នាក់ដូច្នេះ?៕ ប្រភព៖ swiftnewsdaily