សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញអមព្រះរាជដំណើរព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវបន្ទប់វះកាត់
នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យសរុបចំនួន ១លាន២សែនដុល្លារអាមេរិក សម្រាប់ចូលរួមកសាងអគារវះកាត់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ព្រះមហាក្សត្រមានព្រះបន្ទូលថា នៅក្នុងឆ្នាំ២០១៨ សម្តេចម៉ែ និងព្រះអង្គ បានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យ ១លានដុល្លាអាមេរិក សម្រាប់ចូលរួមកសាង អគារវះកាត់ ដែលរៀបចំសម្ពោធនៅថ្ងៃនេះ។
ក្នុងឱកាសនេះដែរ សម្តេចម៉ែ និងព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យបន្ថែមទៀត ចំនួន២សែនដុល្លារអាមេរិកផងដែរ ចំពោះមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕
*****************************
#BunRany #HunSen