ពលករខ្មែរម្នាក់ ដែលបម្រើការងារនៅក្នុងប្រទេសថៃ ជាកម្មករក្នុងស្ថានីយហ្គាស៍មួយ កន្លែង ត្រូវបានឃាតកបាញ់ប្រហារទាំងកណ្តាលអធ្រាត្រ ខណៈដែលកម្មករខ្មែររូបនោះ កំពុងដេកលក់មួយភាំងនៅនឹងតុ ក្នុងស្ថានីយនោះ។
ហេតុការណ៍ នៃករណីឃាតកម្ម ប្លន់សម្លាប់នេះ បានកើតឡើងកាលពីពេលទៀបភ្លឺ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយហ្គាស៍ LPG មួយកន្លែង ក្នុងភូមិ៨ ឃុំណុកអក ស្រុកប៉ាក់ថុងឆៃ ខេត្តនគររាជសីមា ប្រទេសថៃ លើកំណាត់ផ្លូវលេខ៣០៤ (រាជសីមា-កាប៊ីនបុរី)។
នៅកន្លែងកើតហេតុគេសង្កេតឃើញថា កម្មករក្នុងស្ថានីយម្នាក់ ឈ្មោះ ម៉ូរ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជាពលករខ្មែរ ត្រូវបានឃាតកបាញ់ចំក្បាល១គ្រាប់ ដែលអាវុធនេះគេនៅមិនទាន់ដឹងថា ជាអាវុធប្រភេទអ្វីនោះទេ ដែលធ្វើឲ្យជនរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាម។
ក្រោយពីសមត្ថកិច្ចថៃចុះត្រួតពិនិត្យទៅលើកាមេរ៉ា សុវត្ថិភាព រួចមកទើបដឹងថា ខណៈដែលជនរងគ្រោះកំពុងអង្គុយដេកក្រាបនៅលើតុ ក្នុងស្ថានីយនោះ ខ្មាន់កាំភ្លើង បានដឹកម៉ូតូមកចតពីក្រោយប្រមាណ២ម៉ែត្រពីជនរងគ្រោះ រួចបានដកកាំភ្លើងបាញ់ក្បាលពីក្រោយតែម្តង ព្រមទាំងបានឆក់យកកាបូបលុយ ឡើងម៉ូតូជិះចេញទៅបាត់។
យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចថៃ បានចាប់ខ្លួនមុខសញ្ញាយកមកសាកសួរដែលជនសង្ស័យរូបនេះ គឺជាកូនប្រុសរបស់តម្រួតថៃថែមទៀតផង ដោយជនរូបនេះមានឈ្មោះ សារ៉ូត វីផាត់សារី ហៅ បយ ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងបានដកហូត កូនកាំបិតដងឈើ១ លុយចំនួន ៣ ១៨១ បាត និង ម៉ូតូធ្វើសកម្មភាព១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានសារភាពថា កន្លងមកខ្លួន គឺជាអ្នកញៀននឹងល្បែងភ្នាល់បាល់ ដោយពេលខ្លះខ្លួនក៏បានទៅសុំលុយប្រពន្ធ តែត្រូវប្រពន្ធស្តីឲ្យ ព្រមទាំងបានពោលពាក្យថា « បើចង់បានលុយ ទៅប្លន់គេទៅ »។
ជនសង្ស័យរូបនេះបានបន្តថា នៅល្ងាចមុនពេលកើតហេតុ ខ្លួនក៏បានទៅលេងល្បែងភ្នាល់បាល់ជាធម្មតា ហើយក៏បានចាញ់អស់ និងជំពាក់គេចំនួន ៤ ០០០ បាត ថែមទៀត។
បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទមកទារលុយញឹកពេក ដែលជាការរំខានបំផុត ទើបខ្លួនក៏បានចូលទៅក្នុងបន្ទប់របស់លោកប៉ា ដែលគាត់មានតួនាទីជាតម្រួត ព្រមទាំងបានលួចយកកាំភ្លើងខ្លី ដែលគាត់ទុកចោលនៅលើក្បាលគ្រែរួចក៏ជិះម៉ូតូចេញទៅក្រៅទាំងរំលងអធ្រាត្រដើម្បីរកធ្វើសកម្មភាព។
នៅពេលជិះទៅដល់ស្ថានីយហ្គាស៍ខាងលើ ក៏បានឃើញកម្មករស្ថានីយនៅម្នាក់ឯង ទើបបានពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ រួចដើរដឹកទៅដល់ពីក្រោយខ្នង ខណៈដែលកម្មកររូបនោះកំពុងដេកលក់ ដោយបានដកកាំភ្លើងបាញ់តម្រង់ក្បាលពីក្រោយ រួចចុះទៅឆក់យកកាបូបលុយ ជិះគេចចេញទៅទាំងយប់ ដោយក្នុងកាបូបមានលុយចំនួន ៣ ០០០ បាត ខ្លួនក៏បានយកទៅសងបំណុលគេទាំងយប់ លុះស្អែកឡើងក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចថៃបានអះអាងថា នឹងធ្វើការកោះហៅឪពុកមកសាកសួរបន្តទៀត ទោះបីជាឪពុកដែលជាតម្រួត មិនមានការពាក់ព័ន្ធ និងមិនបានដឹងរឿងនេះក៏ដោយ ក៏ប៉ុន្តែកាំភ្លើងខ្លីដែលជនសង្ស័យយកមកធ្វើសកម្មភាព គឺជាកាំភ្លើងរបស់ឪពុក ដោយឡែកឃាតកត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយ ដើម្បីចាត់វិធានការតាមច្បាប់ រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញដែរ៕