ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ពាក់ព័ន្ធការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយទារលុយពីប្រជាពលរដ្ឋ ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។
ការចាប់ខ្លួនមន្ត្រីទាំងនេះ បានធ្វើឡើងក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្រុងពោធិ៍សាត់ និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ការចុះចាប់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិសាត់ទាំងបីនាក់នេះ គឺដឹកនាំផ្ទាល់ដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប នៅក្នុងក្រុងពោធិ៍សាត់ ខណៈពេលដែលអ្នកទាំងពីរ និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ។
ហើយមន្ត្រីម្នាក់ទៀត ចាប់ខ្លួននៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តពោធិសាត់។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដែលចាប់ខ្លួន មានដូចជាៈ ១. លោក លៀម ប៊ុនរឿម ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តពោធិ៍សាត់។ ២. លោក ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និង៣. លោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការចាប់ខ្លួននេះគឺដោយសារមន្រ្តីទាំង៣មានជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយទារថ្លៃសេវាពីប្រជាពលរដ្ឋដោយខុសច្បាប់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងតាមសារអេឡិចត្រូនិកនៅក្នុងគ្រុមតេឡាក្រាម “សភាព្រោកប្រាជ្ញ” ថា ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ បានទារលុយគេ ៤ម៉ឺនដុល្លារ គេមិនព្រមបង្កការលំបាកខ្លាំង ទាល់តែគេមកអង្វរ ទារគេដល់១០ម៉ឺនដុល្លារទើបចេញច្បាប់សាងសង់អោយគេ។ ហើយត្រូវកក់ភ្លាម ៥០ % (៥ម៉ឺនដុល្លារ)។
ហើយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ គេកក់ ៥ពាន់ដុល្លារ នៅបន្ទប់ការិយាល័យប្រធានតែម្តង ហើយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កក់អោយ៤ម៉ឺន៥ពាន់ដុល្លារទៀតបង្គ្រប់ ៥០% នៅភោជនីយដ្ឋានមហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមកតែម្តង។