មណ្ឌលគិរី៖ ដោយយោងតាមដីកាបង្គាប់ ដែលអ្នកសារព័ត៌ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោកទៀង សុថា បានចេញដីកាបង្គាប់ឲ្យ លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ដីកាបង្គាប់ឲ្យចូលខ្លួននេះ គឺដើម្បីសាកសួរ ពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ» ដែលប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ហើយក្នុងករណីលោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា មិនព្រមចូលមកបង្ហាញខ្លួន តាមការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។
រហូតនៅថ្ងៃត្រង់ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សាក់ សារុន មេបញ្ជាការកងអាវុធហត្ថស្រុកកែវសីមា ដែលជាប្អូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្នុងកន្លែងគាត់ធ្វើការតែម្តង ៕ TVFB