រដ្ឋចំនួន ៤៨ នៅអាមេរិក កំពុងផ្ទុះការឆ្លងបាក់តេរីម្យ៉ាងឈ្មោះថា Salmonella បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៧៦៨ នាក់ ធ្លាប់ខ្លួនឈឺ ក្នុងនោះ ១២២ នាក់ បញ្ជូនទៅមន្ទីរពេទ្យ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បញ្ជាក់ថា ភាគច្រើននៃការឆ្លងបាក់តេរី Salmonella បណ្ដាលមកពីសាច់សត្វបក្សីតាមកសិដ្ឋាន ជាពិសេស សាច់មាន់ និងសាច់ទា។ អ្នកស្រាវជ្រាវរកឃើញថា អ្នកជំងឺ ៣១៥ នាក់ បានឆ្លងបាក់តេរីនេះ តាមរយៈការប៉ះពាល់សត្វបក្សីរស់។
ពេលនេះ មជ្ឈមណ្ឌល CDC ពុំទាន់ប្រកាសឲ្យយកផលិតផលសាច់មាន់ណាមួយ ត្រលប់ចូលក្រុមហ៊ុនវិញនៅឡើយទេ ដោយគ្រាន់តែជំរុញឲ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងការឆ្លងបាក់តេរី។
ការឆ្លងបាក់តេរី Salmonella កើតឡើង តាមរយៈការញ៉ាំសាច់ឆៅ ស៊ុត ឬ អាហារមានផ្ទុកបាក់តេរីនេះ ដែលរោគសញ្ញាឆ្លងមានដូចជា ក្អួត រាក ចុកពោះ រយៈពេលពី ៤-៧ ថ្ងៃ។
មជ្ឈមណ្ឌល CDC បញ្ជាក់ថា បាក់តេរី Salmonella បណ្ដាលឲ្យពលរដ្ឋអាមេរិក ១,២លាននាក់ ធ្លាក់ខ្លួនឈឺ ហើយ ២៣.០០០នាក់ ចូលព្យាបាលនៅតាមមន្ទីរពេទ្យ និង ៤៥០ នាក់ ស្លាប់រៀងរាល់ឆ្នាំ៕ mytvplus