ភ្នំពេញ ៖ លោកអ៊ឹម ជីវ៉ា អ្នកសិល្បៈដែលសកម្មក្នុងការជួយសង្គមបានបញ្ជាក់ថា អតីតចៅអធិការវត្តពោធិ៍ចិនតុង ដែលដេកឱបស្រីល្បីពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានផ្សឹកហើយដោយមិនមានវត្តមាននៅក្នុងវត្តទៀតទេ។
លោកអ៊ឹម ជីវ៉ា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថា “រឿងសង្ឃអតីតចៅអធិការវត្តពោធិ៍ចិនតុង បានចប់យូរហើយ គឺដោះស្រាយគ្នាចប់តាំងពី១ខែមុនម៉្លេះ។
គឺអតីតចៅអធិការឱបស្រីរូបនេះត្រូវបានផ្សឹកហើយ គឺសឹកពី១ខែមុន ដូចនេះវត្តពោធិ៍ចិនតុង ត្រូវបានតែងតាំងចៅអធិការវត្តស្តីទីថ្មីឡើងវិញ គឺព្រះគ្រូមុនីរតនា ឆាន ឆន តាមការនិមន្តរបស់គ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំវត្តពោធិ៍ចិនតុង។ ឯអតីតចៅអធិការឱបស្រីឈ្មោះវ៉ាន់ វន្នី នោះ មិនមាននៅក្នុងវត្តពោធិ៍ចិនតុងទៀតទេ សូមបងប្អូនកុំច្រឡំ។
បន្ថែមលើសំណេរខាងលើនេះ លោកអ៊ឹម ជីវ៉ា ក៏បានធ្វើការផ្សាយផ្ទាល់ (Live) នៅក្នុងគណនីហ្វេសប៊ុករបស់លោកនោះរៀបរាប់ថា “មកដល់ម៉ោងនេះ លោកដែលឱបស្រីហ្នឹងដែលបងប្អូនឃើញហ្នឹង គឺអត់នៅក្នុងវត្តពោធិ៍ចិនតុង ទៀតទេ គឺលោកទៅណាបាត់ហើយសឹកបាត់ហើយ គឺអត់មាននៅជាព្រះសង្ឃទៀតទេ គឺនៅជាអន្ទិតដូចកក្កដា សុភ័ណ្ឌ អ៊ីចឹង។
អ៊ីចឹងរឿងហ្នឹងវាចប់យូរហើយចប់ចង់១ខែហើយ តែដោយសារតែរឿងនេះលោកដឹងកំហុសរបស់លោកគឺលោកសឹកតែម្តង ហើយរឿងអីថាព្រះអង្គអតីតចៅអធិការឱបស្រីហ្នឹងអត់ល្បី គឺលោកមិនល្បីដូចកក្កដា សុភ័ណ្ឌ ទេ លោកគ្រាន់តែចៅអធិការវត្តធម្មតាអ៊ីចឹងទេ
បើព្រះអង្គកក្កដា សុភ័ណ្ឌ នោះដើរក្នុងសង្គមជួយសង្គម វាច្រើនហើយការដែលផ្សឹកទៀត មិនដោយសារតែក្រុមហ្វេសប៊ុកស្រែកទេ មិនមែនដោយសារតែខ្ញុំហ្នឹងទៅប្តឹងទេ គឺការសម្រេចពីថ្នាក់ដឹកនាំសង្ឃគឺគណៈនាយកសង្ឃនោះ គេមិនមែនចេះ តែជឿតាមអ៊ឹម ជីវ៉ា ទេ ក៏មិនមែនចេះតែជឿតាមអ្នកលេងហ្វេសប៊ុកដែរ…. ហើយក្នុងថ្ងៃដែលប្រជុំហ្នឹងទៀត ក៏មានព្រះអង្គព្រះធម្មបញ្ញាសែម សុភា ដែលជាអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ព្រះអង្គក៏បានចូលរួមក្នុងកិច្ចប្រជុំហ្នឹងដែរក្នុងការដែលរឿងព្រះសង្ឃវត្តពោធិ៍ចិនតុងហ្នឹងឱបស្រី…”។
គួររំលឹកថា បន្ទាប់ពីបែកធ្លាយរឿងអាស្រូវកេរ្តិ៍និងរូបភាពជាច្រើនសន្លឹកលួចលាក់រួមមេត្រីជាមួយស្រីស្នេហ៍ ស្រាប់តែកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ព្រះចៅអធិការវត្តពោធិ៍ចិនតុងបានគេចព្រះកាយពីវត្តបាត់ ដែលធ្វើឱ្យមហាជនឆ្ងល់ថាចាំបាច់គេចចេញពីវត្តធ្វើអី បើលោកសង្ឃអង្គនេះបានបញ្ជាក់បំភ្លឺរួចហើយថា រូបថតឱបស្រីស្នេហ៍នៅលើគ្រែល្បីពេញបណ្តាញសង្គមហ្វេសប៊ុកជារូបភាពកាត់តបង្ខូចកិត្តិយសព្រះអង្គនោះ?
ការបាត់ព្រះកាយព្រះចៅអធិការវត្តពោធិ៍ចិនតុង វ៉ាន់ វន្នី បានកើតឡើងក្រោយពេលដែលអាជ្ញាធរនិងមន្ត្រីជំនាញកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានបើកការប្រជុំបន្ទាន់មួយក្រោមអធិបតីភាពព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ និងមានការនិមន្តអញ្ជើញចូលរួមពីមន្ត្រីសង្ឃនិងភាគីពាក់ព័ន្ធនៅសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។
ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានថេរដីកាថា ការបើកកិច្ចប្រជុំនេះដោយសារឃើញមានរូបភាពមិនប្រក្រតីដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករឿងរូបថតរបស់ភិក្ខុ វ៉ាន់ វន្នី ព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ព្រះសីលវោ ព្រហ្ម សុភី ព្រះធម្មធរអនុគណ បានមានថេរដីកាថា គួរតែឱ្យសាមីខ្លួនទាំងពីរបកស្រាយអំពីរឿងហេតុដែលបានកើតឡើងមកនេះ តើវាជាការពិតដែរឬទេ? សូមឱ្យផ្តល់ចម្លើយពិតនិងស្មោះត្រង់ ដើម្បីឱ្យមានភាពងាយស្រួលដល់សាលាអនុគណដោះស្រាយ។
ជាការឆ្លើយតបនៅថ្ងៃនោះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្ត្រីដែលឃើញនៅក្នុងរូបថតជាមួយព្រះអង្គបានបដិសេធដូចគ្នាថាជារូបកាត់ត។ ពោលគឺអ្នកទាំងពីរមិនដែលមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយគ្នានោះឡើយ។
ទោះជាយ៉ាងណា មហាជនពុទ្ធបរិស័ទភាគច្រើនមិនជឿថា រូបភាពដែលបែកធ្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ មិនមែនជារូបកាត់តនោះទេ ហើយសុំឱ្យព្រះតេជគុណវ៉ាន់ វន្នី បកស្រាយឱ្យបានច្បាស់ ប៉ុន្តែពុំមានការបកស្រាយបំភ្លឺពីព្រះសង្ឃអតីតចៅអធិការអង្គនេះទេ ទើបតែពេលនេះលោកអ៊ឹម ជីវ៉ា បានចេញមុខអះអាងថា
អតីតសង្ឃចៅអធិការឱបស្រីនោះ ត្រូវបានផ្សឹកតាំងពីក្រោយពេលបែកធ្លាយរឿងនោះមកម៉្លេះ ហើយសព្វថ្ងៃវត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង មានចៅអធិការស្តីទីគ្រប់គ្រងវិញហើយ ដូច្នេះសូមពុទ្ធបរិស័ទកុំមានមន្ទិលឬអាក់សទ្ធាក្នុងការមកធ្វើបុណ្យសុន្ទរ៍ទាននៅវត្តពោធិ៍ចិនតុងអី៕