កសិដ្ឋានចិញ្ចឹមគោ និងបណ្តុះផ្សិត គឺជាទីផ្សារដ៏ធំសម្រាប់អ្នកលក់ចំប៉ើង ដែលបច្ចុប្បន្នអ្នកធ្វើអាជីវកម្មខ្នាតធំនៅក្នុងវិស័យមួយនេះនៅមានចំនួនតិចតួចនៅឡើយ ខណៈចំប៉ើងមិនតម្រូវឲ្យចាយដើមទុនទិញអ្វីសោះ ក្រៅតែពីការដឹកជញ្ជូន និងយកមកកែច្នៃស្តុកទុកលក់ចេញទៅវិញនោះ។
លោក ចៅ គុណសាង ជាអ្នកលក់ចំប៉ើងនៅខេត្តបាត់ដំបង និងកំពង់ឆ្នាំង បានប្រាប់ Business Cambodia ថាអាជីវកម្មទាំងពីរខាងលើនេះ នឹងរីកចម្រើនខ្លាំងនាពេលខាងមុខ ដែលជាទីផ្សារធំសម្រាប់អ្នករកស៊ីចំប៉ើង ស្របពេលបច្ចុប្បន្ននេះមានអ្នកចាយលុយទិញចំប៉ើងពីប្រទេសជិតខាងចន្លោះចាប់ពី៨ពាន់ ទៅ ៩ពាន់រៀលឯណោះ ក្នុង១ដុំ នៅរដូវវស្សារ។
និស្សិតបញ្ចប់ការសិក្សារផ្នែកក្សេតសាស្រ្តរូបនេះ បានចាប់របរលក់ចំប៉ើងជាមួយដើមទុនជាង១ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្រូវការរបស់កសិដ្ឋានធំៗមួយចំនួនត្អូញត្អែរពីការទិញចំប៉ើងពីវៀតណាមក្នុងតម្លៃខ្ពស់ ហើយគុណភាពនៅមានកម្រិត ដោយចំប៉ើងក្នុងស្រុកដែលគាត់លក់ក្នុងមួយដុំតម្លៃត្រឹមតែ៤ពាន់រៀលសម្រាប់ទីតាំងខេត្តបាត់ដំបង និង ៥ពាន់រៀលប៉ុណ្ណោះនៅទីតាំងខេត្តកំពង់ឆ្នាំង។
សហគ្រិនវ័យក្មេងរូបនេះ លើកទឹកចិត្តឲ្យសហគ្រិនជំនាន់ក្រោយហ៊ានចេញរកស៊ី ដើម្បីបង្កើនផលិតភាពក្នុងស្រុក និងចូលរួមដោះស្រាយបញ្ហាសម្រាប់អ្នករកស៊ីដទៃទៀត ដែលគាត់មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើ ហើយយើងយកបញ្ហាទាំងនោះមកផ្គុំគ្នា ហើយរកដំណោះស្រាយចេញមកជាអាជីវកម្មមួយថ្មី ដូចជារកស៊ីលក់ចំប៉ើងនេះជាដើម។
គួរជម្រាបថា លោក ចៅ គុណសាង ត្រូវការដៃគូពង្រីកអាជីវកម្មផងដែរ លោកអ្នកអាចទាក់ទងបានតាមរយៈលេខលេខទូរស័ព្ទៈ ០៨៦ ៦២ ៩៩ ៤៤ / ០១១ ៨៩ ៩៥ ៨៤៕ ប្រភព៖ Business Cambodia