(ភ្នំពេញ)៖ ផ្ទះជនជាតិវៀតណាមជាច្រើនខ្នង សាងសង់រំលោភផ្លូវសាធារណៈប្រកបរបររកស៊ីធ្វើតុ ទូ ធ្វើគ្រឿងសង្ហារឹម ធ្វើឱ្យហុយធូលីប៉ះពាល់ដល់សាធារណជនដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ និងបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ខូចហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង។
ផ្លូវមួយខ្សែដែលប្រជាពលរដ្ឋវៀតណាមសាងសង់ផ្ទះរំលោភធ្វើជាកម្មសិទ្ធិនោះ គឺនៅតាមបណ្តោយផ្លូវលេខ៩៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបណ្តោយផ្លូវលេខ៩៧ សង្កាត់បឹងត្របែក បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យជនជាតិវៀតណាមជាច្រើនគ្រួសារដែលប្រកបរបររកស៊ីធ្វើតុ ទូ គ្រឿងសង្ហារឹមទាំងនោះផង បច្ចុប្បន្នផ្ទះជនជាតិនោះប្រែក្លាយពីផ្ទះឈើទៅជាផ្ទះថ្មយ៉ាងរឹងមាំ។
ប្រជាពលរដ្ឋបានលើកឡើងថាហេតុអ្វីបានជាជនជាតិវៀតណាមទាំងនោះអាចធ្វើផ្ទះរស់នៅលើផ្លូវបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធមើលមិនឃើញ។ ផ្លូវលេខ៩៧ខាងលើ ជាផ្លូវចូលទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនផង។
ពាក់ព័ន្ធករណីជនជាតិវៀតណាម សាងសង់ផ្ទះរំលោភផ្លូវសាធារណៈខាងលើ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះថាករណីជនជាតិវៀតណាម សាងសង់ផ្ទះរំលោភផ្លូវសាធារណៈខាងលើលោកដឹងយូរហើយ ប៉ុន្តែលោកទើបមកកាន់តំណែងជាអភិបាលខណ្ឌ បច្ចុប្បន្នទីតាំងសាលាខណ្ឌពិតប្រាកដមិនដឹងនៅណាផង។
លោកអភិបាលខណ្ឌបន្តថាលោកមិនគាំទ្រអោយជនជាតិវៀតណាមទាំងនោះធ្វើអញ្ចឹងទេ យើងកំពុងរកវិធីដោះស្រាយ ប៉ុន្តែលោកត្រូវសិក្សាស្រាវជ្រាវមើលសិន។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់បន្ថែមថា យើងមិនមែនចេះតែទុកចោលនោះទេ យើងបានរៀបចំសណ្តាប់ធ្នាប់ជាបណ្តើរៗមកហើយ យើងមានផែនការយើងធ្វើច្បាស់លាស់។
ប្រជាពលរដ្ឋ និងមហាជនភាគច្រើន បានគាំទ្រចំពោះវិធានការ របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការរំដោះចិញ្ចើមផ្លូវ ដែលកំពុងពោពេញដោយភាពអាណាធិបតេយ្យ រំលោភយកធ្វើកន្លែងលក់ដូរ ប្រកបអាជីវកម្មផ្សេងៗ និងរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ព្រមទាំងប៉ះពាល់ដល់ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ និងខ្លះទៀតយកទ្រូងផ្លូវធ្វើអាជីវកម្មតែម្តង។
សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាយ៉ាងម៉ឺនម៉ាត់ដល់គ្រប់បណ្តាខណ្ឌ ប្រើកណ្តាប់ដៃដែក ដើម្បីរំដោះចិញ្ចើមផ្លូវដែលប្រពលរដ្ឋរំលោភយកធ្វើជាកម្មលក់ដូរ តាំងរបស់របរអណាធិបតេយ្យ ដែលបង្ករឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រៀបចំសោភ័ណ្ឌភាពដើម្បីទីក្រុងស្អាត។
ដំបូងសង្កេតឃើញអាជ្ញាធរគ្រប់ខណ្ឌបានខិតខំចុះអនុវត្តន៍តាមគោលការរបស់របស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងម៉ឺងម៉ាត់បំផុត ប៉ុន្តែប្រសិទ្ធការងារហាក់គ្មានលទ្ធផលទាល់តែសោះប្រៀបដូចវែកចកក្នុងបឹងអញ្ចឹង ៕ ប្រភព៖ swiftnewsdaily