រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការសាងសង់ស្ពានអាកាសថ្នល់បត់ឆ្វេងមួយខ្សែទៀតនៅជាប់នឹងស្ពានអាកាសចាស់ ដើម្បីធ្វើការដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវ នរោត្ដម និងផ្លូវព្រះមុនីវង្ស។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ AKP កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមនេះ មានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
លោកបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើ ដំណើរ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍ មិនទាន់បាន ល្អប្រសើរនូវឡើយ៕