សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់មិញនេះ បានសម្តែងការសោកស្តាយតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច នូវការលើកឡើងរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលបានហៅការធ្វើអន្តរាគមន៍របស់កងទ័ពវៀតណាម នៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ទី៨០ ជាការឈ្លានពាន។
សម្តេចបានហៅការលើកឡើងនេះ ថាជាការប្រមាថដល់កងទ័ពស្ម័គ្រចិត្តវៀតណាម និងជាការប្រឆាំងដល់ការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា ក្រោយរបបខ្មែរក្រហម។
លោក លី ស៊ានឡុង ពេលកំពុងជជែកជាមួយសម្តេច ហ៊ុន សែន ក្នុងពិធីមួយនាពេលកន្លងមក (រូបថត៖ សម្តេច ហ៊ុន សែន) ខាងក្រោមនេះ គឺជាសំណេររបស់សម្តេច ហ៊ុន សែន ដែល [ខ្លីៗ] សូមដកស្រង់ទាំងស្រុង៖
ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា
” ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង ៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…”
ការលើកឡើងនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។
សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។
ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?៕ ប្រភព៖ ខ្លីៗ