អំពើល្អ និងសប្បុរធម៌ រមែងតែងទទួលបានការគាំទ្រ និងលើកតម្កើងពីមហាជន។ ថ្មីៗ នេះ បណ្ដាអ្នកលេងសង្គមហ្វេសប៊ុកបាននាំគ្នាលាន់មាត់កោតសរសើរមិនដាច់ ក្រោយពេលបុរសម្នាក់មានឈ្មោះគណនីហ្វេសប៊ុកថា សឹក សុជា ដែលត្រូវបានស្គាល់ថាជាបងប្រុសរបស់លោក សឹក សិលា បានប្រកាសចំណាយទឹកប្រាក់ដល់ទៅ ២ម៉ឺនដុល្លា ដើម្បីចែកជូនអ្នកក្រ និងអ្នកខ្វះខាត ទទួលបានមតិគាំទ្រ និងការគោរពពីមហាជនជាច្រើន។

ជាក់ស្ដែង​ យោងតាមរយៈសារដែលលោកបានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន បានរៀបរាប់ឲ្យដឹងថា៖ «ក្ដីប្រាថ្នាមួយដែលខ្ញុំបានប៉ងយូរមកហើយ គឺចង់សន្សំលុយឲ្យបាន 20,000$ ដើម្បីជួយការងារសប្បុរសធម៌ ឥឡូវនេះសន្សំបានសម្រេចហើយ ពិតជាសប្បាយចិត្តមែនទែន។ ខ្ញុំនឹងបរិច្ចាគលុយ 20,000$នេះ ចាំពីពេលនេះរហូតដល់ចុងឆ្នាំ2018នេះឲ្យអស់ ដើម្បីជួយ និងទិញអាហារជូនអ្នកក្រីក្រ ជាពិសេសគឺចាស់ៗដែលគាត់គ្មានសមត្ថភាពរកលុយមកចិញ្ចឹមជីវិត។ បើបងប្អូនពេញចិត្តនិងគ្រាំទ្រ សូមជួយ Like & Share ដំណឹងនេះឲ្យដល់ដៃអ្នកក្រីក្រពិតប្រាកដផង។ ខ្ញុំនឹង LIVE ប្រាប់ ឬផ្ដល់ដំណឹងបន្ថែមតាមរយៈ Page “Soek Sochea Official” របស់ខ្ញុំផ្ទាល់ អំពីផែនការចុះជួយ និងរបៀបទទួលបានជំនួយ។ ខ្ញុំមិនមែនជាសេដ្ឋីដែលមានលុយចាយមិនអស់ទេ តែខ្ញុំចង់ចូលរួមចែករំលែកជួយដល់សង្គមជាតិយើងដែរ។ ការងារសប្បុរសធម៌ គឺយើងគួរតែធ្វើទាំងអស់គ្នា មានតិចធ្វើតិច មានច្រើនធ្វើច្រើនទៅ កុំចាំអី។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ដែលលោកទើបតែចាប់ផ្តើមឡើយ ដោយកន្លងមក គេឃើញលោក សឹក សុជា តែងតែធ្វើការជួយទៅជនខ្វះខាត ខ្សត់ខ្សោយ និងបុគ្គលិកក្រោមបង្គាប់មិនរើសអើងឡើយ៕