តារាសម្ដែង និងជាពិធីការិនីចាស់វស្សាមួយរូប គឺអ្នកនាង ឆៃលី ដាឡែន នៅតែទទួលប្រជាប្រិយភាពក្នុងវិស័យសិល្បៈ បើទោះជាមិនសូវលេចមុខដូចកាលពីមុនក្ដី តែអ្នកនាងក៏នៅតែកាក់កបផ្នែកលក់ទំនិញអនឡាញ និងមានអ្នកគាំទ្រច្រើនផងដែរ។ ថ្មីៗ នេះស្រាប់តែអ្នកនាងបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ក្រោយបានបង្ហោះរូបបង្ហូរទឹកភ្នែក ជាមួយនឹងសារប្រកាសថានឹងបាត់មុខមួយរយៈ។

ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងបានសរសេររៀបរាប់ទាំងសោកសៅថា៖ «ខ្ញុំហត់ហើយ​ ខ្ញុំពិតជាហត់ណាស់​ ខ្ញុំទៅមុខលែងរួចហើយ​ ពេលខ្ញុំចប់ការងារអស់​ ខ្ញុំសុំសំរាកហើយ​ គឺបាត់មុខខ្ញុំមួយរយៈ តែទទួលកុម្ម៉ង់អីវ៉ាន់ធម្មតា​ ដោយអាខោននេះខ្ញុំអោយក្មួយខ្ញុំជាអ្នកកាន់​ អាចឆាតសួរព័ត៌មានផ្សេងៗបាន​។ សុំទោសផងណាអ្នកទាំងអស់គ្នា​ គឺខ្ញុំចង់សំរាក​ ព្រោះខ្ញុំហត់ជាមួយអ្វីៗគ្រប់យ៉ាងពេកហើយ​ បើយើងមិនគិតខ្លួនយើងទេគ្មានអ្នកណាគេគិតយើងនោះទេ​ ។ តាំងពីតូចរហូតដល់ធំយើងអាយុប៉ុណ្ណឹងហើយយើងពិតជាមិនដែលចង់បានអីទេ​ គឺចង់បានតែពាក្យថាស្មោះត្រង់​ ពាក្យនេះមិនថាចំពោះស្នេហាឬមិត្តភាពនោះទេ​ តែហេតុអីពាក្យនេះមានតែខ្ញុំទេដែលអោយទៅគេតែគេមិនដែលអោយពាក្យនេះមកខ្ញុំវិញអញ្ចឹង? ខ្ញុំសុំបានទេ​ បើស្រលាញ់​ខ្ញុំ​ ខ្ញុំសុំពាក្យស្មោះត្រង់ជាមួយខ្ញុំបានទេ? បើមិនបានអោយអ្វីមកខ្ញុំ។ ខ្ញុំពិតជាឈឺ​ បើដឹងថាមនុស្សដែលស្រលាញ់ខ្ញុំបែរជាក្បត់ខ្ញុំ​ មិនថាស្នេហាឬមិត្តភាពនោះទេ​ ។ អ្នកធ្លាប់តែឃើញខ្ញុំសើច​ ញញឹម​ នោះគ្រាន់តែជាសំបកក្រៅទេ​ តែខាងក្នុងខ្ញុំគឺរូបភាពបែបនេះ»។ យ៉ាងណាមិញ អ្នកនាងមិនបានបង្ហើបពីមូលហេតុច្បាស់លាស់ក្នុងរឿងនេះឡើយ តែក្នុងនោះក៏មានហ្វេនជាច្រើនបានធ្វើការខមិនលើកទឹកចិត្ត និងលួងលោមដល់តារារូបនេះផងដែរ៕