ថ្មីៗ នេះ កើតការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងក្នុងបណ្ដាញហ្វេសប៊ុក ក្រោយមានការចែកចាយរូបប៉ុន្មានសន្លឹកពីគេហទំព័រអនឡាញមួយ ដែលបានដាក់លក់នូវខោក្នុងដែលមានព្រីនរូបអង្គរវត្ត ពាសពេញអ៊ីនធើណេត។ ជាក់ស្ដែង បើតាមការឲ្យដឹងរបស់អាចារ្យធំ ហាងអនឡាញមួយនេះគឺជារបស់ថៃ បានធ្វើការព្រីនរូបអង្គរវត្តយកទៅដាក់លើខោក្នុង និងប្រើពាក្យខមិនប្រមាថដល់អច្ឆរិយៈខ្មែរយ៉ាងអាណាធិបតេយ្យជាទីបំផុត។

ទង្វើរបែបនេះ បានធ្វើឲ្យខ្មែរអ្នកលេងហ្វេសប៊ុកជាច្រើនបញ្ចេញប្រតិកម្ម ជាពិសេសគឺ អាចារ្យធំ ដែលបានបង្ហោះរូបភ្ជាប់ជាមួយនឹងសារក្តៅស្លឹកត្រចៀកថា៖ «ឈឺចាប់ទេ? ព្រះគុណម្ចាស់ និងបងប្អូនអើយមើលវាធ្វើ! សូមថ្កោលទោស ជនជាតិសៀម-ថៃ ថោកទាបមួយចំនួន ដែលបានប្រមាថដល់អង្គរវត្តខ្មែរ ដល់ព្រលឹងជាតិខ្មែរ ដោយយករូបប្រាសាទអង្គរវត្តអត្តសញ្ញាណជាតិខ្មែរមកបោះពុម្ភលើខោក្នុង បង្ហោះលក់ online យ៉ាងព្រហើនបែបនេះ»។ យ៉ាងណាមិញ បើទោះបីជាមានការបញ្ចេញមតិសំណូមពរឲ្យមានចំណាត់ការជាច្រើនក្ដី ខណៈនេះយើងនៅមិនទាន់បានដឹងថា តើហាងអនឡាញមួយនោះនឹងអាចធ្វើការលក់បន្ត រឺយ៉ាងណាឡើយ៕