កាលព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។ នៅពេលកាត់ក្តីជនជាប់ចោទរូបនេះក៏បានសារភាពថា ដោយសារកន្លងមកមុខរបរដែលខ្លួនប្រព្រឹត្តកន្លងមកជារឿងបោកប្រាស់គេឯង ប៉ុន្តែនៅតែរកលុយចាយ បង់ថ្លៃផ្ទះជួល នៅតែមានការខ្វះខាត ខ្លួនក៏ដាច់ចិត្តបន្ថែមរបរថ្មីគឺជួយដូរគ្រឿងញៀន តែក៏ត្រូវជាប់អន្ទាក់ប៉ូលីស៕