មនុស្សដែលរស់នៅលើផែនដីយើងទាំងអស់ តែងតែប្រាថ្នាចង់បានសេចក្តីសុខ និងភាពរីកចំរើនគ្រប់ៗគ្នា ។ ប៉ុន្តែដោយសារតែភាពរីកចំរើនផ្ទាល់ខ្លួន និងសេចក្តីសុខផ្ទាល់ខ្លួនមនុស្សមួយចំនួនបែរជាបំពានអ្នកដទៃ និងកេងប្រវ័ញ្ចអ្នកជុំវិញខ្លួនដើម្បីប្រយោជន៍ទៅវិញ ។
មនុស្សមួយចំនួនទៀត ក៏នាំគ្នាបង្ករជាជំលោះទាស់ទែង ខ្វែងគំនិតគ្នា រហូតដល់មានរឿងប្តឹងផ្តល់ឡើងដល់តុលាការ ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន និងភាពលោភលន់ចង់បានប្រយោជន៍។
ទាក់ទងទៅនិងចំណុចនេះ លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី បានលើកឡើងក្នុងគនណី Facebook របស់លោកថា “អាហារថ្ងៃត្រង់នៅហាងកាហ្វេដូងប្រេងសម្រាប់ខ្ញុំលតឆាមួយចាន យាយបរបរមួយចាន អាហារសម្រន់នៅបីពេលសាច់ជ្រូកអាំងពីរចង្កាក់បាយ១០០០៛ ការ៉េម២០០០៛តែប៉ុណ្ណឹង តើនៅខំប្រឹងឈ្លោះប្រកែកគ្នារហូតដល់ប្តឹងផ្តល់បន្តទៀតដើម្បីអ្វីទៅ ?”
លោកឧកញ្ញ៉ាឡើងបែបនេះគឺចង់ចែករំលែកទៅដល់មនុស្សទូទៅកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គ្រប់ៗគ្នាលែងគិតពីអ្នកដទៃនៅជុំវិញខ្លួន ហើយនាំគ្នាបង្ករជំលោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។
ម្យ៉ាងទៀតយើងគ្រប់គ្នាមិនត្រូវក្លាយជាសត្រូវនិងគ្នាដោយសារតែភាពលោភលន់ចង់បានជ្រុលហួសប្រមាណនោះដែរ ។ ជម្លោះកើតឡើងគឺគ្មានប្រយោជន៍សម្រាប់មនុស្សឡើយ ក្រៅពីបំផ្លាញមិត្តភាព បំផ្លាញទំនាក់ទំនង បំផ្លាញទ្រព្យសម្បត្តិប្រាក់កាស បំផ្លាញពេលវេលា និងចំណុចសំខាន់បំផុតគឺជម្លោះបំផ្លាញសេចក្តីសុខរបស់មនុស្សតែម្តង ។
ដូច្នេះហើយ បើតែដើម្បីចិញ្ចឹមក្រពះ និងដើម្បីមានជីវិតមួយរស់នៅសមរម្យមនុស្សយើងមិនគួរឈ្លោះប្រកែក និងប្តឹងផ្តល់គ្នាឡើយ ព្រោះវាជារឿងដែលអាក្រក់បំផុត សម្រាប់ជីវិតមនុស្សយើង ៕
អត្ថបទដោយ នេន សុធា (Leadership Writer) Business-Cambodia