ភ្នំពេញ​ ៖ ថៅកែស្រីយួនកាត់ចិននេះ ​ផ្តល់​ត្រឹម​៦០$ក្នុង១ខែ ហើយវាយធ្វើបាបរាល់ថ្ងៃ ។រឿងរ៉ាវ​ខាងលើ​នេះ គឺជា​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយទៀត​ជុំវិញ​ការ​ធ្វើ​ទារុណ​លើ​អ្នកបម្រើ​ប្រៀប​ដូច​សត្វ​ធាតុ ។ មិនដឹង​ថា រយៈពេល​៤​ឆ្នាំ​ដែល​ក្មេង​ស្រី​រូប​នេះ​រស់នៅ​ស៊ី​ឈ្នួល​បម្រើ​នៅផ្ទះ​ខាងលើ ទទួល​ភាព​ខ្លាច​ផ្សា​មាន​ទម្ងន់​កម្រិត​ណា​នោះ​ឡើយ ទំនង​ស្ទើរតែ​គ្មាន​វាចា​នឹង​ថ្លែង​ឱ្យ​អស់​នូវ​ទ​ង្វើ​អមនុស្សធម៌​នេះ​បាន​ឡើយ

 

ក្មេង​ស្រី​ជំទង់​ម្នាក់ ​ដែល​បាន​ស្នាក់​នៅ​ស៊ីឈ្នួល​បម្រើ​នៅ​ក្នុងផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួយ​កន្លែង បាន​រង​នូវ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី​របស់​ខ្លួន​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ គួរ​ឱ្យ​សង្វេគ​ណាស់ ។ តាម​ប្រភព​ព័ត៌មាន​ស្តី​ពី​រឿងរ៉ាវ​ខ្លោចផ្សារនេះ ​ត្រូវ​បាន​លាតត្រដាង​ឱ្យ​ដឹង​ថា ពេល​ខ្លះ​នាង​ត្រូវ​ថៅកែ​ស្រី​ធ្វើ​ទារុណកម្ម ដោយ​ការ​ឱ្យ​ហូប​អាហារ​មិន​គ្រប់គ្រាន់ ក្នុង​មួយ​ថ្ងៃ​ឱ្យ​ហូប​តែ​២​ពេល​​ទេ គឺ​នៅ​
ពេល​ព្រឹក​ម្ដង និង​ពេល​ល្ងាច ​ឬ​យប់​ម្ដង ឯ​ពេល​ថ្ងៃត្រង់​គឺ​អត់ឱ្យ​ហូប​អ្វី​ឡើយ ។ ជាង​នេះ​ទៀត ថៅកែ​ស្រី សាច់​.​ស​ចិត្តខ្មៅ​នេះ បាន​វាយដំ ​ឬ​ក៏​យក​ម្ជុលដេរ​ចាក់​ពេល​ឆេះដុំ​ម្តង​ៗ និង​ពេល​ខ្លះ ​ឈាន​ដល់​ការ​បង្អត់​អាហារ ឬ​ចាក់សោ​បង្ខាំង​នាង​ទុក​នៅ​ក្នុងផ្ទះ​ថែម​ទៀត​ផង ​ចង់​ល្ងីល្ងើ​ទៅ​ហើយ ។

ភាព​សាហាវព្រៃផ្សៃដែល​ជន​ទូទៅ​ចាត់​ទុក​ថា ​ជា​ភាព​អមនុស្សធម៌​នេះ បាន​អូស​បន្លាយ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​​ហើយ តាំងពី​នាង​ទើបមាន​អាយុ​១២​ឆ្នាំ​ម្លេះ តែ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ព្រោះ​ថៅកែ​ស្រី​មុខ​មិន​ញញឹម​រូប​នេះ​ គំរាម​មិន​ឲ្យ​នាង​ប្រាប់​អ្នក​ជិតខាង ​ឬ​ប្រាប់​ម្ដាយ​ឡើយ ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ដឹង ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឱ្យ​​ទៅ​រំដោះ​នាង​ចេញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧  ឧសភា នៅ​ផ្សារ​បុរី​សន្តិ​ភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ខាងលើ​ ឈ្មោះ ជា ស្រី​នូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ នាង​មាន​បងប្អូន​រហូត​ដល់​៩​នាក់​ (​ប្រុស​៤​នាក់​ និង​ស្រី​៥​នាក់​) ហើយ​នាង​គឺជា​កូន​ទី​៨ ។ ឪពុក​នាង​ឈ្មោះ ជា សួ អាយុ​៦៨​ឆ្នាំ កំពុង​មាន​ជំងឺ​ធ្ងន់​នៅ​នឹង​កន្ទេល​ក្រោក​មិន​រួច ម្តាយ​ឈ្មោះ ឡេ ឡាយ អាយុ​៦៥​ឆ្នាំ ជា​លក់​បន្លែ​បន្តិចបន្តួច ហើយ​ជីវភាព​គ្រួសារ​យ៉ាប់យ៉ឺន​បំផុត ។ តាម​ធម្មតា​ទៅ​ហើយ ​ឱ្យ​តែ​ឮ​ថា​មានកូន​ច្រើន​ប្រាកដ​ណាស់​ជា​គ្រួសារ​ក្រីក្រ​ដូច​ពាក្យ​ចាស់​ពោល​ថា អ្នក​មានកូន​តិច អ្នកក្រ​កូន​ច្រើន ស្រួល​​មិន​ស្រួល​មួយ​ឆ្នាំ​មួយ​ផង ។នាង​បាន​មក​ស៊ីឈ្នួល​ធ្វើ​ការងារ​នៅផ្ទះ​លក់សម្លៀក​បំពាក់​ខាងលើ​៤​ឆ្នាំ​មក​ហើយ គឺ​តាំងពី​នាង​ទើប​មាន​អាយុ​១២​ឆ្នាំ​កម្លេះ ។ ការ​រសាត់អណ្តែត​មក​រស់នៅ​ក្នុងផ្ទះ​ខាងលើ ​ដែល​ថៅកែ​ស្រី​ជា​ជនជាតិ​វៀតណាម​ កាត់​ចិន មិន​ដែល​បាន​សេចក្ដីសុខ​ម្តងណា​ឡើយ គឺ​ស្គាល់​តែ​ទុក្ខ​និង​រង​ទារុណកម្ម រហូត​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួនប្រាណ អត់​មាន​អ្នក​ជួយ ។ ប្រភព​ដដែល​បន្ត​ថា ចំណែក​ថៅកែ​ស្រី​ចិត្ត​អប្រិយ​ គ្មាន​ធម៌​មេត្តា​នេះ​ឈ្មោះ ម៉េ​ង រ័​ត្ន​ពិសី ហៅ​សុភា អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម​កាត់​ចិន​ បន្លំ​ប្រើ​ឈ្មោះ​ខ្មែរ​មាន​ប្តី​ឈ្មោះ សុខ ទី អាយុ​៣៣​ឆ្នាំ ។ ប្តី​ប្រពន្ធ​នេះ ​មានកូន​ស្រី​ម្នាក់​ក្នុង​បន្ទុក និង​មានមុខ​របរ​លក់​សម្លៀក​បំពាក់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ។ ស្ត្រី​ជា​ថៅកែ​ជាប់ចោទ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ចំណែក​បុរស​ជា​ប្ដី​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ។

ក្មេង​ស្រី​ខាងលើ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ដោយសារ​ជីវភាព​គ្រួសារ​ទីទ័ល​ក្រ​ខ្លាំង​ពេក នាង​មិន​បាន​រៀនសូត្រ​ដូច​ក្មេង​ៗ​ ដទៃ​ទៀត​ឡើយ​។ នៅ​អាយុ​១២​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៤ នាង​បាន​ឃ្លាតឆ្ងាយ​ពី​ឪពុក​ម្ដាយ​និង​បងប្អូន​ជាទី​ស្រឡាញ់ ព្រមទាំង​ផ្ទះសម្បែង មក​រស់នៅ​ស៊ីឈ្នួល​បម្រើ​ថៅកែ​ស្រី​រូប​នេះ ។ នាង​ទទួល​បាន​​ប្រាក់​ឈ្នួល​ក្នុង​១​ខែ ​ចំនួន​៦០​ដុល្លារ​ជា​រៀង​រាល់​ខែ ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ឪពុក​ ។ ជា​រៀងរាល់ថ្ងៃ នាង​ត្រូវធ្វើ​ការងារ​គ្មាន​ពេល​ឈប់​ សម្រាក​ឡើយ តាំងពី​ព្រលឹម​រហូត​ដល់​យប់ ។ មិនតែប៉ុណ្ណោះ​ ធ្វើ​មិន​ដែល​ត្រូវចិត្ត​ថៅកែ​ស្រី​នេះ​ម្ដងណា​ឡើយ គឺ​តែងតែ​ទាស់ចិត្ត​រហូត ហើយ​មិន​ដែល​ទទួល​បានការ​និយាយ​ផ្អែមល្ហែម​ម្ដងណា​សោះ ថ្ងៃ​ណា​ក៏​ត្រូវ​ថៅកែ​ពាក់មុខយក្ស​ដាក់​នាង​ដែរ ។

 

 

មន្ត្រី​នគរបាល​និយាយ​ថា អំពើ​ហិង្សា​ដោយការ​ប្រើ​ទារុណកម្ម​លើ​ក្មេង​ស្រី​នេះ​ មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បានដឹងឡើយ សូ​ម្បី​តែ​ក្រុម​គ្រួសារ​ក្មេង​ស្រី​ក៏​ដោយនិង​ទើបតែ​ពេល​ថ្មី​ៗ​នេះ ត្រូវ​អ្នក​ជិតខាង​ដឹងហើយ​លួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ទៅ​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​ចេញពីផ្ទះ​នោះ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ខណៈ​មន្ត្រី​សមត្ថកិច្ច​ទៅ​ដល់​ស្ត្រី​ជា​ថៅកែ​រូប​នេះ​ បាន​ឈរ​ជ្រែង​ស្រែក​ឡូឡា​ប្រឆាំង​នឹង​នគរបាល​ថែម​ទៀត​ផង ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ នគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ក្មេង​ស្រី​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាង​វិញ៕