បុគ្គលិកហាងថតរូបល្អពេញចិត្តម្នាក់ ដែលរងការចោទទាក់ទងប្រពន្ធគេជារួមការងារជាមួយគ្នា ខណៈកំពុងអង្គុយលេងទូរស័ព្ទសុខៗ ស្រាប់តែត្រូវបានបុរសម្នាក់ជាប្តី យកបំពង់ដែកជ្រុង ចូលទៅវាយចំក្បាលយ៉ាងសន្ធាប់ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ធ្ងររហូតស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ។
ករណីអំពើឃាតកម្ម (យកដែកជ្រុងវាយរហូតស្លាប់) ដ៏សាហាវនេះ បានកើតឡើងម៉ោង១៧ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មធ្វើស៊ុំរូបថតទីតាំផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ ក្រុមទី៤៧ ភូមិទី១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងថតរូបល្អពេញចិត្ត ទីលំនៅភូមិ ត្រពាំងស្លា ឃុំ ធ្លក ស្រុកទ្រាំង ខេត្តតាកែវ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនសង្ស័យដែលត្រូវបានស្គាល់យ៉ាងច្បាស់មានឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្តផងដែរ មានទីលំនៅភូមិ ស្វាយអំពារ ឃុំ ស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល (កំពុងគេចខ្លួន) ។
យោងតាមការការបំភ្លឺពីឈ្មោះ គុច កន្និថា (បុគ្គលិកហាងពេញចិត្ត) បានប្រាប់សមត្ថកិច្ចឲ្យដឹងថា កន្លងមកជនសង្ស័យបានប្រចណ្ឌ័ប្រពន្ឋរបស់ខ្លួនជាមួយជនរងគ្រោះ ហើយក៏កើតមានជម្លោះយ៉ាងខ្លាំងនឹងគ្នា រហូតម្ចាស់ហាងហៅយកមកអប់រំម្តងរួចហើយ និងសូម្បីបញ្ឈប់ប្រពន្ធជនសង្ស័យពីការងារទៀតផង ។ ប៉ុន្តែ មិនដឹងជាកើតមានរឿងអ្វីបន្ទាប់ទៀត ស្រាប់តែនៅថ្ងៃកើតហេតុ ខណៈជនរងគ្រោះកំពុងអង្គុយលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យរូបនេះយកបំពង់ដែកជ្រុង មកសំពងក្បាលជនរងគ្រោះយ៉ាងសន្ធាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងររហូតស្លាប់យ៉ាងអាណោចអាធមបំផុត ៕ ប្រភព ksn.news