ផ្ការាក់ ជាប្រភេទផ្កាដែលប្រជាជនខ្មែរជំនាន់មុននិយមប្រើគ្រឿងសក្ការៈបូជាដែលល្អ ប៉ុន្តែដោយសារតែការប្រើប្រាស់លែងពេញនិយម ក៏មានការយល់ច្រឡំថាផ្ការាក់ជាផ្កាអារក្ស ក្លាយទៅរបស់អបលក្ខណ៍ទៅវិញ។ ដោយសារតែមានការយល់ខុសបែបនេះ ក៏មានមហាជននៅលើបណ្តាញសង្គមបានធ្វើការបកស្រាយ ដោយមានអំណះអំណាងយ៉ាងច្បាស់លាស់។

យោងតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត “រាក់” ជា (នាមសព្ទ) ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-សប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ ប្រភេទ គឺ រាក់ស ផ្កាសម្បុរ-ស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង ២ យ៉ាងនេះមានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ ( ថ្វាយបង្គំងារ ) ។ ហើយ ផ្ការាក់រួត ឬ ចាស់ៗនិយមហៅផ្កាស្នេហ៍ ជាពិសេសក្មេងជំនាន់ហ្លួងសុីសុវត្ថិ ជាប្រភេទផ្កាដែលប្រជាជនខ្មែរជំនាន់មុខប្រើតុបតែងគ្រឿងសក្ការៈបូជា ,  ក្រងជាអភិរម្យ(ឆត្រ័រួត), ចាក់ជារំយោលសំយុងសម្រាប់អ្នករបាំ , ក្រងជាភួងមាលា ជាដើម។ កាលពីជំនាន់មុនផ្ការាក់រួតនេះ មានការពេញនិយមជាខ្លាំង ជាងផ្កាម្លិះ ក៏ព្រោះតែមានការងាយស្រួលរក និង មិនបាច់ចំណាយប្រាក់ទិញ។

ដោយសារតែការនិយម ទើបពេលបុណ្យសពដែលជាពេលអាសន្ន ប្រជាជនខ្មែរបានយកផ្ការាក់មកតុបតែងលើមឈូសសព ហេតុនេះទើបអ្នកដែលមកចូលរួម ពិសេសក្មេងៗគិតថាផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ធ្វើឲ្យមានការយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូដែរ។  រួមជាមួយការបន្លាចពីមនុស្សចាស់ ដោយគាត់មិនចង់ឲ្យក្មេងដើរលេងពេលយប់ ព្រោះបារម្ភពីសុវត្ថិភាព ហើយដោយសារផ្ការាក់មានដុះច្រើនតាមកន្លែងដែលក្មេងចូលចិត្តលេង ទើបពួកគាត់យកដើមផ្កានេះជាហេតុបន្លាចក្មេងតែម្តង លុះក្មេងធំឡើងក៏ចេះតែនិយាយតគ្នាថា ផ្កាខ្មោចៗ។ ដូច្នេះហើយ ផ្ការាក់ ជាផ្កាថ្វាយភួងមាលាចំពោះព្រះ និងជូនភួងមាលា ជាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តី ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព ដូចដែរគេយល់ច្រឡំនោះឡើយ៕