មិនដឹងកម្មអី! ធ្វើបុណ្យសពអោយកូនមិនទាន់ចប់ស្រួលបួលផង ស្អែកឡើងមានរឿងអាក្រក់ទៀត

0
1931

​ជា​រឿង​ហេតុ​មិន​នឹក​ស្មាន និង​ក្ដុក​ក្ដួល​ជា​ទី​បំផុត​​ថ្មី​មួយ​ទៀត​​សម្រាប់​ក្រុម​គ្រួសារ​សាច់ញាតិ​សព​កុមារ​ ថៃ ឡុង និង​សិលា​ ដែល​ជា​ជនរង​គ្រោះ​ក្នុង​ថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ ៦០​ម៉ែត្រ ​កាល​ពី​ថ្ងៃ​ទី ២៥ ឧសភា ២០១៨ គឺ​លោក​យាយ​របស់​ពួក​គេ​​បាន​ទទួល​មរណភាព ​បន្ទាប់​ពី​ធ្វើ​ពិធី​បូជា​សព​កុមារ​ទាំង​ពីរ​ចប់​សព្វ​គ្រប់​មិន​ទាន់​បាន ២៤ម៉ោង​ផង។

សព​កុមារ​ទាំង​ពីរ​ត្រូវ​បាន​គេ​បូជា​នៅ​យប់​ថ្ងៃ​ទី ២៦ ​ឧសភា នៅ​ក្បែរ​ផ្សារ​ស្លាប​លែង ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ​ក្រោម​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​សាច់​ញាតិ​បងប្អូន និង​អ្នក​ភូមិ​រាប់​រយ​នាក់ ​តែ​សព​កុមារ​សិលា មិន​មាន​វត្តមាន​ឪពុក និង​សព​កុមារ​ថៃ ឡុង មិន​មាន​វត្តមាន​ម្ដាយ​ចូល​រួម ​ដោយ​សារ​ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ ​ស្ត្រី​រងគ្រោះ​ជា​ម្ដាយ​​សព​កុមារ​ ថៃឡុង ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាលក្រៅ​ប្រទេស ឯ​បុរស​ជា​ឪពុក​​កុមារ​សិលា និង​ជា​អ្នក​បើក​បរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

​រឿង​ហេតុ​កាន់​តែ​ធ្វើ​ឲ្យ​គេ​ក្ដុក​ក្ដួល​ហួស​ចិត្ត​មួយ​ទៀត​ព្រោះ​តែ​ទុក្ខ​ផ្ទួន​ៗ​ពេក​នោះ គឺ​នៅ​ព្រឹក​​ថ្ងៃ​ទី ២៧ ឧសភា ពោល​គឺ​ពិធី​បូជា​សព​កុមារ​ខាង​លើ​បាន​​ជិត ២០​ម៉ោង ស្រាប់​តែ​លោក​យាយ​របស់​កុមារ​ទាំង​ពីរ​បាន​ដាច់​ខ្យល់​ស្លាប់ ​បន្ទាប់​ពី​គាត់​​ទើប​ទទួល​ដំណឹង​ថា ​ចៅ​ៗ​សំណព្វ​របស់​លោក​យាយ​ ​បាន​ស្លាប់​ព្រម​ៗ​គ្នា​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ភ្នំ​ពេញ​។ ​តាម​រយៈ​ប្រភព​ពី​សាច់​ញាតិ​ជន​រងគ្រោះ​មាន​គណនី​​ហ្វេសប៊ិក​ឈ្មោះ Mutita Anachak Angkor បាន​រៀប​រាប់​ថា ៖

«អនិច្ចា​ជីវិត! ​លោកយាយ យ៉ង់ យ៉ុន បាន​លាចាក​លោក​នៅ​ថ្ងៃអាទិត្យ​ទី ២៧​ខែ​ឧសភា វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក។ ​លោក​យាយរ​ន្ធត់​ចិត្ត​ខ្លាំ​ង​រហូតដល់​ដាច់​សរសៃ​ឈាម​ខួ​ក្បាល ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា ​ចៅ​គ្រោះថ្នាក់​ច​រាចរណ៍​ស្លាប់។ លោកយាយ​អាយុ ​៨៦ឆ្នាំ​មែន ​ប៉ុន្តែ​គាត់​នៅ​មាន​ការ​ចងចាំ​ល្អ​ណាស់​ស្គាល់​គ្រប់​ចៅ ចៅ​ទួត ហើយក៏​មិន​ដែល​មាន​ជំងឺ​អី​ធ្ងន់ធ្ងរ​ដែរ។

ដូច្នេះ​ពេល​មាន​រឿង​រន្ធត់​កើតឡើង ​សូម​តាំង​សតិ​ដើម្បី​ស្តាប់​ និង​ទទួលយក​សិន​សឹម​និយាយ ​ជៀសវាង​កើត​ឡើង​ដូចនេះ។ ​សរុប​ហេតុ​ការណ៏​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​នោះ មនុស្ស​៣​នាក់​បាន​ស្លាប់ ទី​១.​ទារក សិលា អាយុ ៩​ខែ (​ត្រូវជា​កូន​អ្នកបើកបរ​)។ ទី២.​កុមារា ឡុង​ថៃ អាយុ ៥​ឆ្នាំ (​ត្រូវជា​ក្មួយ​អ្នកបើកបរ​) និង​ទី​៣.​លោក​យាយ យ៉ង់ យ៉ុន អាយុ ​៨៦​ឆ្នាំ (​ត្រូវជា​យាយ​មីង​អ្នកបើកបរ​) រងគ្រោះ​ដោយ​សាររ​ន្ធ​ត់​ចិត្ត​បណ្តាល​អោយ​ដាច់​ស​សៃ​ឈាម​ខួរក្បា​ល​ស្លាប់ ។ ​ចំណែក​អ្នកបើកបរ កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​នៅឡើយ»។

ចំណែក​សាច់ញាតិ​គ្រួសារ​រងគ្រោះ​​ម្នាក់​ទៀត​ប្រើ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Tep Kimleang ​ធ្លាប់​​សរសេរ​រៀបរាប់​ពី​ការ​ទស្សន៍ទាយ​របស់​គ្រូ​ថា « ក្នុង​គ្រួសារ​ខ្ញុំ ហេតុអ្វី​បានជា​ជួប​រឿង​វិប្បយោគ​(​ការ​ព្រាត់​ប្រាស់​) មិន​ចេះចប់​យ៉ាងនេះ បងថ្លៃ​ទើប​ស្លាប់ ឯ អ៊ី ក៏​ទើបតែ​ស្លាប់​មិន​ទាន់​បាន​ ២​ខែ​ផង ថ្ងៃនេះ​ក្មួយ​ជាទី​ស្រលាញ់​សែន​ឆ្លាត បាន​ជួប​រឿង​អកុសល​ទៀត​។ តើ​អ្នកណា​មិន​រន្ធត់ …​ខំ​រៀបចំផ្ទះ​អស់ហើយ តាម​ការ​ទស្សន៍ទាយរ​បស់​គ្រូខ្មែរ​ក៏​ដូចជា​ចិន​សែ ថា​ខែ ៥​នេះ នឹង​មាន​គ្រោះ ថ្នាក់​ក្មេង​ម្នាក់ទៀត ឥឡូវ​ចៀស​មិន​ផុត​មែន តើ​អោយ​ខ្ញុំ​ធ្វើ​ម៉េច​ទៀត​»? សំណេរ​នេះ​បាន​ធ្វើឲ្យ​គេ​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង និង​ចែករំលែក​បន្ត​ជាច្រើន​។

គួរបញ្ជាក់​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​ខាងលើ​បង្កឡើង ដោយ​រថយន្ត​ធំ ហ៊ីយ៉ាន់ដាយ បាន​បើក​បុក​រថយន្ត វិ​ហ្គោ យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អូស​ប្រមាណ ១០​ម៉ែត្រ​នៅ​ក្នុង​នោះ​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ ៦​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្លាប់​ចំនួន ២​នាក់​។​

​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សី​ហុន 3A-0830 ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ខណៈ ពេល​ជិះ​មកដល់​ចំណុច​ត្រង់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​បុក​ជាមួយ​រថយន្ត មួយគ្រឿង​ទៀត ម៉ាក វិ​ហ្គោ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-4733 យ៉ាង​បំពេញ​ទំហឹង​បណ្តាល​ឲ្យ​អូស​រថយន្ត វិ​ហ្គោ ប្រមាណ​១០​ម៉ែត្រ ហើយ​មាន​មនុស្ស​គាប​ជាប់​ក្នុង​រថយន្ត​។ ភ្លាមៗ​នោះ អ្នកបើក​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ ដោយ​បន្សល់​តែ​រថយន្ត​នៅ​ហ្នឹង​កន្លែង​ង​កើតហេតុ​។​

​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ បាន​នាំគ្នា​ជួយ​សង្គ្រោះ រួច​បាន​ហៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​ជនរងគ្រោះ​យក​ទៅ​មន្ទីរ​។ ខណៈពេល​ដែល​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​នោះ ជា​អកុសល ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ក្មេង​ចំនួន ២​នាក់ និង​មនុស្ស ៤​នាក់​ទៀត​កំពុងស្ថិត​នៅ​ក្នុង​ការជួយ​សង្គ្រោះ​របស់​គ្រូពេទ្យ​។​

​អ្នកបើកបរ​ឈ្មោះ​ប៉ុន វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​(​របួសធ្ងន់​)​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង់ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​អ្នករួមដំណើរ​ជាមួយ ៥​នាក់ ទី​១​ឈ្មោះ​សាន ថៃ​ឡុង ភេទ​ប្រុស អាយុ ៥​ឆ្នាំ ទី​២​ឈ្មោះ ស្រេង ស្រីនូ ភេទ​ស្រី អាយុ ៣២​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​,​ទី​៣​ឈ្មោះ​បាន សុខ​សិលា ភេទ​ប្រុស អាយុ ៩​ខែ ទី​៤​ឈ្មោះ​លុច្ស អាយុ ៣​ឆ្នាំ​នឹង​អ្នករួមដំណើរ​១​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។​

​ក្នុងករណីនេះ​ផង​ដែរ​បណ្តាល​ឲ្យ ខូចខាត​រថយន្ត​ធ្ងន់​ចំនួន ០២​គ្រឿង​។ មូលហេតុ​មកពី​អ្នកបើកបរ​រថយន្ត Hyundai បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល រង់ចាំ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​៕