អាមេរិកថាគ្មានទេការដកទណ្ឌកម្មមានតែបន្ថែមទោះជាវេណេហ្សូអេឡាដោះលែងពលរដ្ឋអាមេរិកក៏ដោយ

0
670

កាលពីថ្ងៃសៅរិ៍ ទី ២៧ ឧសភា បេសកជនសាសនា និងភរិយា ជាជនជាតិអាមេរិកលោកJosh Holt និងលោកស្រី Thamy ត្រូវបានលោកប្រធានា ធិបតីម៉ាឡេស៊ីដោះលែងពីពន្ធនាគារ បន្ទាប់ពីប្ដីប្រពន្ធរូបនោះ​រងការឃុំខ្លួន ករណីចារកម្មនិងជួញដូរអាវុធ តាំងពីឆ្នាំ២០១៦។ ការដោះលែងប្ដីប្រពន្ធទាំងពីរ បើទោះបីទទួលបានការស្វាគមន៍ពីលោកដូណាល់ត្រាំក៏ដោយ តែមិនអាចជាថ្នូរនឹងការដកទណ្ឌកម្មឡើយ លុះត្រាប្រទេសនេះស្ដារប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោត ដែលមានវត្តមានគណបក្សប្រឆាំង។ ជូនសេចក្ដីរាយការណ៍ដោយ លោក រឿន រឹទ្ធី!

យើងពិតជាសប្បាយរីករាយចំពោះ ការដោះលែងលោកJosh Holt និងលោកស្រី Thamy ត្រឡប់មកប្រទេសវិញ តែរឿងនេះ មិនអាចលុបចោលការដាក់ទណ្ឌកម្ម បានឡើយ លើកលែងតែ វេណេហ្សូអេឡា មានប្រជាធិបតេយ្យឡើងវិញ។ នេះជា ជាជំហររបស់លោកអនុប្រធានាធិបតី Mike Pence ដែលលោកធ្វើការកត់សម្គាល់ នៅលើTwitter របស់លោក។

ស្របពេលនេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយថា គោលនយោបាយអាមេរិក ចំពោះការដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា មិនកែប្រែឡើយ ហើយកាន់តែបន្ថែមទៀត។ លោកថា របបផ្ដាច់ការនៅវេណេហ្សូអេឡា​បានកំពុងធ្វើអោយសេដ្ឋកិច្ច និងប្រជាជនធ្លាក់ក្នុងភាពអត់ឃ្លាន ថែមការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ ចំណែកលោកដូណាល់ត្រាំ នៅថ្ងៃចន្ទទី២៨ឧសភានេះ បានជំរុញទៅក្រសួងរតនាគារអោយ បង្កកនិងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវេណេហ្សូអេឡាដែល ជាប់ពាក់ព័ន្ធលោកម៉ាឌូរ៉ូ។

តាមបណ្ដាញផ្សាយព័ត៌មាន Press TV អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសវេណេ

ហ្សូអេឡា ចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនចំនួនបី ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ដោយចោទថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនហើយការដាក់ទណ្ឌកម្មនេះ ដោយសារអាមេរិក មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ឧសភា ដែលជាការបោះឆ្នោត មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។

ឆ្លើយតបនឹងជំហររបស់ថ្នាក់ដឹកនាំអាមេរិកទាំងបីរូបនេះ ក្រសួងការបរទេសវេណេហ្សូអេឡាបានហៅជំហរអាមេរិកថា ជ្រុលនិយម​ព្រោះមិនឆ្លើយ តបរឿងពិតនឹងស្ថានភាពនៃប្រជាជនវេណេហ្សូអេឡាឡើយ។

តែជាមួយគ្នានេះបេសកជនសាសនាដ៏ល្បី បានទៅកាន់សេតវិមាន និងវិមានកាពិតូល ដើម្បីថ្លែងសុន្ទរកថា អំពីការពាក់ព័ន្ធនឹងការឃុំខ្លួនលោក។ សមាជិកសភា ភាគច្រើនសាទរការដោះលែងនេះ ប៉ុន្តែបានហៅការឃុំខ្លួន ថាជាចំណាប់ខ្មាំង ដែលលោកម៉ាឌូព្យាយាម ធ្វើអោយមានតុល្យភាពជា មួយអាមេរិក។ យ៉ាងណាសមាជិកសភាអាមេរិក ព្រមានថា គ្មានពេលដាក់ទណ្ឌកម្មត្រឡប់វិញឡើយ បើវេណេហ្សូអេឡានៅតែគ្មានប្រជាធិបតេយ្យត្រឹមត្រូវ។